ព័ត៌មានជាតិ August 1, 2024

ក្រុមកីឡាហាប់គីដូកម្ពុជា ចូលរួមប្រកួតជើងឯកពិភពលោក លើកដំបូង ក្រោយកកើតសហព័ន្ធជាង ២០ឆ្នាំ

Liny Chan

(ភ្នំពេញ)៖ ខណៈនេះក្រុមប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីហាប់គីដូចកម្ពុជា សរុបចំនួន ២៤នាក់ បាននឹងកំពុងធ្វើដំណើរតាមរថយន្ដ (ឆ្លងកាត់ច្រកអន្ដរជាតិប៉ោយប៉ែត) ឆ្ពោះទៅខេត្តនុនថាបុរី ប្រទេសថៃ ក្រោយចាកចេញពីភ្នំពេញនាព្រឹកមិញ ដើម្បីចូលរួមការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកពិភពលោក (World I.H.F Hapkido Championship) ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី០១-០៤ ខែសីហាខាងមុខ។

នេះគឺជាលើកដំបូងហើយ ដែលកីឡាហាប់គីដូកម្ពុជា បានចូលរួមការប្រកួតលក្ខណៈអន្ដរជាតិ ក្រោយបង្កើតសហព័ន្ធរយៈពេល ២៣ឆ្នាំកន្លងមក បន្ទាប់ពីការខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ តាំងពីថ្នាក់ដឹកនាំអាណត្តិមុនៗ រហូតដល់បច្ចុប្បន្ន ពិសេសប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ អាណត្ដិថ្មី លោកឧកញ៉ា សៅ សេងហាក់ ដែលព្យាយាមជំរុញការអភិវឌ្ឍ និងរៀបចំឲ្យមានការប្រកួតជើងឯកជាតិ ហើយបន្ដមានឱកាសចូលរួមការប្រកួតអន្ដរជាតិថែមទៀត។

លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធ និងជាគ្រូបង្វឹកកីឡាហាប់គីដូកម្ពុជាបានឲ្យដឹងថា ព្រឹត្តិការណ៍ពិភពលោកខាងលើ គឺមានអត្តពលិកចូលរួមចំនួន ១២ប្រទេស មកពីគ្រប់ទ្វីប ក្នុងនោះក៏មានវត្តមានកីឡាករ-កីឡាការិនីកម្ពុជា ១៩នាក់ផងដែរ បន្ទាប់ពីពួកគេ បានខិតខំប្រឹងប្រែងហ្វឹកហាត់អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ នេះគឺជាឱកាសមួយដ៏ល្អ សម្រាប់កីឡាករ-កីឡាការិនីកម្ពុជា បង្ហាញសមត្ថភាព ក៏ដូចជាដណ្ដើមស្នាដៃជូនជាតិ ហើយក៏ជាឱកាសវាស់ស្ទង់សមត្ថភាព និងបច្ចេកទេស ជាមួយអត្តពលិកមកពីបណ្ដាប្រទេសជុំវិញពិភពលោកផងដែរ។

លោកបន្ដថា «នេះគឺជាសករាជថ្មី សម្រាប់កីឡាហាប់គីដូយើង បានចេញទៅប្រកួតអន្ដរជាតិ។ ដូច្នេះយើងនឹងឃើញពីកម្រិតបច្ចេកទេសរបស់កីឡាករ-កីឡាការិនីកម្ពុជា និងបណ្ដាប្រទេសដទៃ ថាតើចំណុចខ្លាំងរបស់យើងមានអ្វីខ្លះ? ចំណុចខ្សោយរបស់យើងមានអ្វីខ្លះ? ក៏ដូចជាមើលឃើញចំណុចខ្លាំង និងចំណុចខ្សោយរបស់គេដែរ។ អ៊ីចឹងខ្ញុំគិតថា នេះគឺជាឱកាសល្អសម្រាប់កីឡាករ-កីឡាការិនីយើង ដែលបានវាស់ស្ទង់ និងប្រៀបធៀបជាមួយក្រុមកីឡាហាប់គីដូ មកពីគ្រប់ទ្វីប ដែលនឹងធ្វើឲ្យកីឡាករ-កីឡាការិនីយើង គាត់យល់ដឹងកាន់តែច្រើន ដើម្បីសម្រួចការអភិវឌ្ឍសមត្ថភាពកម្រិតខ្ពស់បន្ថែមទៀត ក្រោយការប្រកួតជើងឯកពិភពលោកនេះ»។

សូមរំឮកថា កីឡាហាប់គីដូ បានចូលមកកម្ពុជា តាំងពីឆ្នាំ១៩៦៩ (តាមការបញ្ជាក់របស់ព្រឹទ្ធាចារ្យចាស់ៗ)។ បន្ទាប់មកនៅឆ្នាំ២០០១ ក៏មានការមូលមតិបង្កើតជាសហព័ន្ធជាតិ តែពុំធ្លាប់មានឱកាសរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ ឬចេញប្រកួតអន្ដរជាតិនោះទេ។ ទើបតែឆ្នាំ២០២៣ កន្លងទៅ សហព័ន្ធបានទទួលការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ក្នុងការរៀបចំជើងឯកថ្នាក់ជាតិលើកដំបូង ដោយជោគជ័យ និងជាកម្លាំងចិត្ដដ៏សំខាន់ សម្រាប់គណៈកម្មាធិការប្រតិបត្តិសហព័ន្ធ បន្ដបេសកកម្មអភិវឌ្ឍ រហូតមានឱកាសបញ្ជូនកីឡាករ-កីឡាការិនីឆ្នើមៗ ចូលរួមប្រកួតជើងឯកពិភពលោកជាលើកដំបូងនាពេលនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News