ព័ត៌មានអន្តរជាតិ August 1, 2024

អូស្រ្តាលី ណែនាំឱ្យពលរដ្ឋរបស់ខ្លួន ចាកចេញពីលីបង់ ដោយសារតែភាពតានតឹងអ៉ីស្រាអែល-Hezbollah

Liny Chan

(ស៉ីដនី)៖ អូស្រ្តាលី បានស្នើឱ្យពលរដ្ឋរបស់ខ្លួន ដែលស្ថិតនៅលីបង់ ចាកចេញពីប្រទេសនេះជាបន្ទាន់ ដោយនិយាយថា មានហានិភ័យច្បាស់លាស់ថា ភាពតានតឹងរវាងអ៉ីស្រាអែល និងក្រុម Hezbollah អាចកើនឡើងកាន់តែខ្លាំង។ នេះបើយោងបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ ២០២៤។

ជនជាតិអូស្រ្តាលីចំនួន ១៥,០០០នាក់កំពុងរស់នៅក្នុងប្រទេសលីបង់ ដោយចំនួននេះបានកើនឡើងរាប់ពាន់នាក់ ក្នុងអំឡុងរដូវក្តៅចាប់ពីខែមិថុនា ដល់ខែកញ្ញា។ លោកស្រី Penny Wong រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី បានបង្ហោះសារជាវីដេអូតាមបណ្តាញសង្គម X កាលពីយប់ថ្ងៃពុធសប្តាហ៍នេះថា «ឥលូវនេះ ជាពេលត្រូវចាកចេញ។ ស្ថានភាពសន្តិសុខអាចនឹងកាន់តែយ៉ាប់យ៉ឺនយ៉ាងភ្លាមៗ ដោយស្ទើរតែ ឬគ្មានការជូនដំណឹងតែម្តង»។ លោកស្រី បានឱ្យដឹងបន្ថែមថា អាកាសយានដ្ឋានក្នុងទីក្រុងបេរូត អាចត្រូវបិទទាំងស្រុង ប្រសិនបើស្ថានភាពកាន់តែអាក្រក់។ សម្រាប់អ្នកចង់ចាកចេញ ហើយត្រូវបានប្រាប់ឱ្យរង់ចាំពេលបន្ថែម គួរតែប្រើប្រាស់ជើងហោះហើរពាណិជ្ជកម្ម ទាន់នៅមានដំណើរការ។

គួរបញ្ជាក់ថា ស្ថានភាពតំបន់មជ្ឈិមបូព៌ា ស្ថិតនៅក្នុងសភាពផុយស្រួយអស់ជាច្រើនខែមកហើយ ចំពោះមុខសង្គ្រាម នៅឯតំបន់ហ្កាហ្សា។ ការស្នើរបស់អូស្រា្តលីនាពេលនេះ ធ្វើឡើងស្រដៀងគ្នា ទៅនឹងសេចក្តីណែនាំរបស់សហរដ្ឋអាមេរិក ក៏ដូចជាចក្រភពអង់គ្លេស ក្នុងសប្តាហ៍នេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News