Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណដល់ធនាគារ អាជីវករ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ចំពោះការទទួលប្រាក់ដុល្លារមានសភាពចាស់ ឬរហែក, គោលការណ៍ថ្មីនេះ ត្រូវធ្វើដោយប្រុងប្រយ័ត្ន និងជាជំហាន មុនប្រកាសអនុវត្តន៍ទូទាំងប្រទេស

    BY Liny Chan August 2, 2024
    សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណដល់ធនាគារ អាជីវករ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ចំពោះការទទួលប្រាក់ដុល្លារមានសភាពចាស់ ឬរហែក, គោលការណ៍ថ្មីនេះ ត្រូវធ្វើដោយប្រុងប្រយ័ត្ន និងជាជំហាន មុនប្រកាសអនុវត្តន៍ទូទាំងប្រទេស

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ បានថ្លែងអំណរគុណដល់បណ្តាធនាគារ អាជីវករ អ្នកប្ដូរប្រាក់ និងប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ដែលបានចូលរួមអនុវត្តនូវគោលការណ៍ថ្មី របស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការប្រើប្រាស់ក្រដាស់ប្រាក់ដុល្លារដែលមានសភាពចាស់ ឬរហែក។

    ជាមួយគ្នានេះ សម្តេចក៏បានឆ្លើយតប ចំពោះចម្ងល់របស់បងប្អូនដែលនិយាយថា ហេតុអ្វីបានជាមិនដាក់ឲ្យអនុវត្តនៅទូទាំងប្រទេសតែម្ដង? សម្តេចបញ្ជាក់ថា អនុវត្តនូវគោលការណ៍ថ្មីនេះ ត្រូវធ្វើទៅដោយប្រុងប្រយ័ត្ន និងជាជំហាន ព្រោះតែការទទួលយកក្រដាសប្រាក់ដុល្លាររហែក ឬចាស់ ដែលមិនអាចប្រើប្រាស់បាន ត្រូវយកទៅដូរយកក្រដាសប្រាក់ថ្មី ពីធនាគារកណ្តាលសហរដ្ឋអាមេរិក ដែលត្រូវការចំណាយថវិកាច្រើន។

    ជាមួយវីដេអូដែលលើកឡើងពីអារម្មណ៍របស់បណ្តាធនាគារ អាជីវករ អ្នកប្ដូរប្រាក់ និងប្រជាពលរដ្ឋ, សម្តេចធិបតី បានបង្ហោះខ្លឹមសារទាំងស្រុងដូច្នេះថា «សូមអរគុណចំពោះបណ្តាធនាគារ អាជីវករ អ្នកប្ដូរប្រាក់ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ដែលបានចូលរួមអនុវត្តនូវគោលការណ៍ថ្មីរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការប្រើប្រាស់ក្រដាស់ប្រាក់ដុល្លារដែលមានសភាពចាស់ ឬរហែក។

    មានបងប្អូនជាច្រើនបានចោទសួរថា ហេតុអ្វីបានជាធនាគារជាតិមិនដាក់ឲ្យអនុវត្តនៅទូទាំងប្រទេសតែម្ដង?
    ដោយសារការទទួលយកក្រដាសប្រាក់ដុល្លារហែក ឬចាស់ដែលមិនអាចប្រើប្រាស់បាន ដើម្បីយកទៅដូរយកក្រដាសប្រាក់ថ្មីពីធនាគារកណ្តាលសហរដ្ឋអាមេរិក ជាកាតព្វកិច្ចរបស់ធនាគារជាតិ ដែលត្រូវការចំណាយថវិកាច្រើន ការដាក់អោយអនុវត្តនូវគោលការណ៍ថ្មីនេះត្រូវធ្វើទៅដោយប្រុងប្រយ័ត្ន និងជាជំហាន។

    ហេតុដូច្នេះការដាក់អោយអនុវត្តន៍នៅខេត្តសៀមរាបនេះ ជាជំសាកល្បង (pilot) ដើម្បីធនាគារជាតិ អាចធ្វើការវាយតម្លៃ និងយកជាមូលដ្ឋានសម្រាប់រៀបចំផែនការឱ្យបានជាក់លាក់ មុននឹងប្រកាសដាក់អោយអនុវត្តគោលការណ៍ថ្មីនេះ នៅទូទាំងប្រទេសក្នុងពេលឆាប់ៗខាងមុខ»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: