Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក អំពាវនាវឱ្យកងទ័ពបង់ក្លាដែស អត់ធ្មត់ ក្រោយនាយករដ្ឋមន្ត្រីរត់ចេញពីប្រទេស

BY Liny Chan August 6, 2024
សហរដ្ឋអាមេរិក អំពាវនាវឱ្យកងទ័ពបង់ក្លាដែស អត់ធ្មត់ ក្រោយនាយករដ្ឋមន្ត្រីរត់ចេញពីប្រទេស

(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី៥ ខែសីហា បានអំពាវនាវឱ្យកងទ័ពបង់ក្លាដែស រក្សាភាពអត់ធ្មត់ និងជំរុញឱ្យមានការបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្ន ប្រជាធិបតេយ្យមួយ បន្ទាប់ពីលោកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina លាលែងពីតំណែង ហើយបានភៀសខ្លួនចេញពីប្រទេសក្នុងតំបន់អាស៊ីខាងត្បូងមួយនេះ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការលាលែងរបស់លោកស្រី Hasina ធ្វើឡើងបន្ទាប់ពីមនុស្សច្រើនជាង១០០នាក់ ត្រូវបានសម្លាប់នៅក្នុងការបង្រ្កាបលើបាតុកម្មតវ៉ា ដែលទាមទារឱ្យលុបចោលកូតាការងាររដ្ឋការ ហើយ ក្រោយមកបាតុកម្មនេះដែរបានរាលដាលទៅជាការតវ៉ាទាមទារឱ្យលោកស្រីចុះចេញពីតំណែង។ ប្រមុខកងទ័ពបង់ក្លាដែស លោកនាយឧត្តមសេនីយ៍ Waker-Uz-Zaman បានប្រកាស ដោយផ្ទាល់នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ អំពីការលែងពីតំណែងរបស់លោកស្រី Hasina ហើយថារដ្ឋាភិបាលបណ្ដោះអាសន្នមួយនឹងត្រូវបានបង្កើតឡើង។

ជុំវិញស្ថានការណ៍នៅបង់ក្លាដែស អ្នកនាំពាក្យម្នាក់របស់សេតវិមាន បាននិយាយថាសហរដ្ឋអាមេរិកបានអំពាវនាវជាយូរណាស់មកហើយឱ្យមានការគោរពសិទ្ធិប្រជាធិបតេយ្យ នៅក្នុង ប្រទេសបង់ក្លាដែស និងជំរុញឱ្យមានការបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នមួយតាមបែបប្រជាធិបតេយ្យ និងប្រកបដោយបរិយាប័ន្ន ព្រមទាំងអំពាវនាវឱ្យកងទ័ពរក្សាការអត់ធ្មត់ដូចដែល ពួកគេកំពុងធ្វើ។ បន្ថែមពីលើនេះ ក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា សេតវិមាន និងក្រសួងការបរទេសអាមេរិក ក៏បានជំរុញផងដែរឱ្យគ្រប់ភាគីទាំងអស់នៅបង់ក្លាដែស បញ្ចៀសអំពើហិង្សា និងស្ដារសន្តិភាពដូចពេលកន្លងមកឡើងវិញ។

គួរបញ្ជាក់ថា មន្រ្តីរដ្ឋាភិបាលឥណ្ឌា ២នាក់ បានប្រាប់ Reuters​ ថាលោកស្រី Sheikh Hasina មានអាយុ ៧៦ឆ្នាំ បានធ្វើដំណើរទៅដល់ព្រលានយន្ដហោះយោធាមួយ ស្ថិតនៅក្បែរ ទីក្រុង Delhi ប្រទេសឥណ្ឌា កាលពីថ្ងៃចន្ទ។ ប៉ុន្តែ មិនបានបញ្ជាក់ថាតើលោកស្រីនឹងបន្តស្នាក់នៅក្នុងប្រទេសឥណ្ឌា ឬមានផែនការចាកចេញទៅកាន់ប្រទេសផ្សេងទៀត ដែរឬក៏យ៉ាងណានោះទេ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: