Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នៅតាមបន្ទាត់ព្រំដែន យើងធ្វើផ្លូវពីរ មានផ្លូវប្រើសម្រាប់សេដ្ឋកិច្ច និងផ្លូវក្រវាត់ព្រំដែន ប្រើក្នុងគោលដៅការពារបូរណភាពទឹកដី

    BY Liny Chan August 6, 2024
    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នៅតាមបន្ទាត់ព្រំដែន យើងធ្វើផ្លូវពីរ មានផ្លូវប្រើសម្រាប់សេដ្ឋកិច្ច និងផ្លូវក្រវាត់ព្រំដែន ប្រើក្នុងគោលដៅការពារបូរណភាពទឹកដី

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា នៅតាមបន្ទាត់ព្រំដែន យើងត្រូវធ្វើផ្លូវពីរ មានផ្លូវប្រើសម្រាប់សេដ្ឋកិច្ច និងផ្លូវសម្រាប់ក្រវាត់ព្រំដែន ដែលប្រើក្នុងគោលដៅការពារបូរណភាពទឹកដី ហើយផ្លូវក្រវាត់ព្រំដែន គឺធ្វើកៀកទៅនឹងព្រំដែន ខណៈដែលផ្លូវសម្រាប់ធ្វើសេដ្ឋកិច្ច គឺយើងធ្វើនៅខាងក្នុងព្រំដែនរបស់យើង។

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ដែលបញ្ចប់ការសិក្សាដោយ​ជោគជ័យចំនួន ៥៦១នាក់។

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ព្រំដែនយើងធ្វើផ្លូវពីរ ផ្លូវមួយខ្សែគឺផ្លូវសេដ្ឋកិច្ច ហើយផ្លូវសេដ្ឋកិច្ចយើងធ្វើនៅខាងក្នុង អាចមួយគីឡូម៉ែត្រ ពីរគីឡូម៉ែត្រ ឫបួនគីឡូម៉ែត្រ ជាក់ស្តែងនៅទិសព្រំដែនថៃ យើងធ្វើផ្លូវ១ខ្សែចាក់ពីកូនដំរី ចាក់ទៅប៉ៃលិន និងកន្លែងផ្សេងៗ នេះគេហៅផ្លូវសេដ្ឋកិច្ចខាងក្នុង ប៉ុន្តែព្រំដែនមួយទៀត គឺផ្លូវព្រំដែនក្រវ៉ាត់ព្រំដែន ផ្លូវនេះគឺធ្វើកៀកខ្លាំងនឹងព្រំដែន យើងធ្វើកន្លែងខ្លះ ប្រទេសជិតខាងដាក់ទ័ពមកប្តឹងមកឱ្យយើងធ្វើការ ព្រោះវាកៀកព្រំដែនពេក»

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ផ្លូវព្រំដែនយើងធ្វើ២ខ្សែ ហើយក៏មានប្រជាពលរដ្ឋខ្លះអាចមិនដឹងនឹងចោទជាសំនួរថា ហេតុអ្វីចាំបាច់ចំណាយលុយធ្វើផ្លូវ ២ខ្សែ មិនធ្វើតែមួយខ្សែទៅ? ជាក់ស្តែងគឺយើងធ្វើ ២ខ្សែ មានមួយសម្រាប់ជំរុញសេដ្ឋកិច្ចខាងក្នុង និងផ្លូវក្រវាត់ព្រំដែនមួយទៀត ក្នុងគោលដៅការពារបូរណភាពទឹកដី និងដើម្បីឱ្យប៉ូលីស ទាហ៊ាន បានដើរល្បាត និងដើម្បីឱ្យប្រជាពលរដ្ឋ អាចធ្វើស្រែចំការបានទៅដល់កៀគនឹងព្រំដែនផងដែរ។

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានរំលឹកផងដែរថា យុទ្ធសាស្ត្រព្រំដែ​ននេះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ធ្លាប់បានលើកឡើងតាំងពីជាងឆ្នាំ១៩៩០ មកម្លេះ និងបានបញ្ជាក់ថា ការការពារព្រំដែន មិនមែនកែរប្រែព្រំដែនឱ្យក្លាយជាកន្លែងមានទាហានទាំងអស់នោះទេ គឺកែរប្រែព្រំដែនទៅជាព្រំដែន​សន្តិភាព និងមានសហប្រតិបត្តិការ តាមរយៈការដកកងទ័ពចេញ ហើយបើកច្រកអន្តរជាតិ ដែលនេះជាគោលដៅហើយយើងបានធ្វើជាប្រចាំផងដែរ។

    សម្ដេចមហាបវរធិបតី បញ្ជាក់ទៀតថា នេះគឺជាអ្វីដែលយើងបន្តធ្វើ និងការបោះបង្គោលព្រំដែន​ ដើម្បីបើកច្រកអន្តរជាតិ រុញការវិនិយោគ ទាំងវិនិយោគិនខ្មែរ និងបរទេសដើម្បីធ្វើការវិនិយោគនៅតាមបន្ទាត់ព្រំដែន, សម្តេចក៏មានបំណងចង់ឃើញវិនិយោគិនខ្មែរ ទៅធ្វើការវិនិយោគឱ្យបានច្រើននៅតាមបន្ទាត់ព្រំដែនផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: