ព័ត៌មានជាតិ August 7, 2024

រដ្ឋបាលរាជធានីភ្នំពេញ បំពាក់ភ្លើងស្ដុប១២ទីតាំងបន្ថែមទៀត ដើម្បីជួយសម្រួលចរាចរណ៍ដល់ពលរដ្ឋ ខណៈបច្ចុប្បន្នមានជិត២០០ទីតាំង

Liny Chan

(ភ្នំពេញ)៖ ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ បានតម្លើងបង្គោល និងបំពាក់ភ្លើងស្តុបថ្មី ចំនួន១២ទីតាំងបន្ថែមទៀត ដើម្បីជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ជាមួយនឹងគោលដៅស្ដុបតែមាន ស្រាប់នៅជិត២០០ទីតាំង។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤នេះថា មកដល់ពេលនេះ នៅក្នុងរាជធានីភ្នំពេញ មានភ្លើងស្តុបចំនួន១៩៦ទីតាំង បាននិងកំពុងមានតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ។

លោកបញ្ជាក់ទៀតថា សម្រាប់ឆ្នាំ២០២៤នេះ យោងតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជំនាញបានតម្លើងភ្លើងស្តុបចំនួន១២ទីតាំងបន្ថែមទៀតរួមមាន៖

*ទី១៖ ភ្លើងស្តុប គោករកា ផ្លូវលេខ១៨៦២ មហាវិថីឈ្នះឈ្នះតំបន់កប់ស្រូវ
*ទី២៖ ភ្លើងស្តុប វត្តភ្នៀត ផ្លូវចូលវត្តភ្នៀត មហាវិថីឈ្នះឈ្នះតំបន់កប់ស្រូវ
*ទី៣៖ ភ្លើងស្តុប សាលាសង្កាត់ក្រាំងធ្នង់ ផ្លូវលេខ១៨៦២ ប្រសព្វផ្លូវលេខ១០៥K
*ទី៤៖ ភ្លើងស្តុប ផ្សារព្រែកព្នៅ ផ្លូវជាតិលេខ៥ ប្រសព្វផ្លូវលេខ១៣០
*ទី៥៖ ភ្លើងស្តុប វាលស្បូវ ផ្លូវជាតិលេខ១ ប្រសព្វផ្លូវចូលបុរីភូមិវាលស្បូវ
*ទី៦៖ ភ្លើងស្ដុប ចំការព្រីង ផ្លូវលេខ១៨៦២ ប្រសព្វផ្លូវលេខ២០១១
*ទី៧៖ ភ្លើងស្តុប សន្តិភាព២ (ទូលកី) ផ្លូវជាតិលេខ៣ ប្រសព្វផ្លូវបុរីសន្តិភាព២
*ទី៨៖ ភ្លើងស្តុប កោះនរា ប៉េងហួត ផ្លូវចូលស្ពានកោះនរា ប្រសព្វផ្លូវជាតិលេខ១
*ទី៩៖ ភ្លើងស្ដុប សង្គមកិច្ច ផ្លូវលេខ៩៣ (ព្រះមុនីវង្ស) ប្រសព្វផ្លូវលេខ៤៦៦ (ញឹកជូឡុង)
*ទី១០៖ ភ្លើងស្តុប ផ្លូវដែក ទំនប់៧០ ផ្លូវទំនប់លេខ៧០ ប្រសព្វផ្លូវដែកបឹងកក់(R8)
*ទី១១៖ ភ្លើងស្តុប បុរីកោះនរា A ផ្លូវស្ពានកោះនរា ប្រសព្វផ្លូវបុរីកោះនរា A
*ទី១២៖ ភ្លើងស្តុប បុរីកោះនរា B ផ្លូវស្ពានកោះនរា ប្រសព្វផ្លូវបុរីកោះនរា B។

លោក សាំ ពិសិដ្ឋ បានអះអាងថា បច្ចុប្បន្ននេះប្រជាពលរដ្ឋកាន់តែមានការយល់ដឹងខ្ពស់ជាងមុន ក្នុងការធ្វើចរាចរណ៍ជាពិសេសការពាក់មួកសុវត្ថិភាព និងការគោរពភ្លើងស្តុប និងស្លាកសញ្ញាចរាចរណ៍ជាដើម។ ទោះបីយ៉ាងណា លោក សាំ ពិសិដ្ឋ នៅតែអំពាវនាវដល់ប្រជាជរដ្ឋសូមឲ្យចូលរួមគោរពភ្លើងសញ្ញា ភ្លើងស្តុប ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា។

ជាមួយគ្នានេះ លោក ជា សុវណ្ណ ប្រធានការិយាល័យអគ្គិសនីបំភ្លឺសាធារណៈ និងភ្លើងសញ្ញាចរាចរណ៍ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា មកដល់ពេលនេះរាជធានីភ្នំពេញ មានភ្លើងស្តុបចំនួន១៩៦ទីតាំង ក្នុងនោះមានរបស់រដ្ឋបាលរាជធានីភ្នំពេញ និងការជួយឧបត្ថម្ភដោយអង្គការចាយកា ក៏មានការចូលរួមពីវិស័យឯកជនខ្លះដូចជាខាងកោះពេជ្រ និងបុរីធំៗមួយចំនួនខ្លះផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News