ព័ត៌មានជាតិ August 8, 2024

៤០ ប្រទេសគ្រោងចូលរួមការប្រកួតធ្វើម្ហូប និងបដិសណ្ឋារកិច្ចនៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ

Liny Chan

(ភ្នំពេញ)៖  ប្រទេសចំនួន៦ ដែលមានសិង្ហបុរី ​ម៉ាឡេស៊ី ថៃ…គ្រោងចូលរួមការប្រកួតធ្វើម្ហូប និងបដិសណ្ឋារកិច្ចនៅកម្ពុជា ក្នុងព្រឹត្តិការណ៍ពិព័រណ៍លើវិស័យផ្គត់ផ្គង់ម្ហូបអាហារ និងបដិសណ្ឋារកិច្ច ដើម្បីផ្សព្វផ្សាយពីផលិតផលរបស់ខ្មែរ និងធ្វើការទាក់ទាញម្ចាស់អាជីវកម្មក្រៅប្រទេស ឲ្យដាក់ទុនវិនិយោគឱ្យបានកាន់តែច្រើនថែមទៀត។

តាមរយៈព្រឹត្តិការណ៍ពិព័រណ៍លើវិស័យផ្គត់ផ្គង់ម្ហូប អាហារនិងបដិសណ្ឋានកិច្ច ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ ក៏នឹងមានការដាក់បញ្ចូលនូវការប្រកួតប្រជែងចម្អិនម្ហូប និងបដិសណ្ឋារកិច្ចថ្នាក់ជាតិដែលនឹងធ្វើឡើង ក្នុងមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ នៅរាជធានីភ្នំពេញ។

បើតាមលោក សុង តេង ប្រធានសមាគមចុងភៅកម្ពុជាបានឱ្យដឹងថា ការប្រកួតធ្វើម្ហូបថ្នាក់ជាតិឆ្នាំនេះនិងជំរុញឧត្តមភាពផ្នែកធ្វើម្ហូបឲ្យកាន់តែប្រសើរ។ លោកបញ្ជាក់ថា «យើងបានសិក្សាបញ្ហាប្រឈមនានា ដើម្បីកែតម្រូវនិងពង្រឹងជំនាញបច្ចេកទេសដោយរួមបញ្ចូលជាមួយគ្រឿងផ្សំជាតិ និងអន្តរជាតិសម្រាប់ធ្វើឲ្យប្រសើរឡើងនៃម្ហូបដល់សំបូរបែបរបស់កម្ពុជា»

ជុំវិញរឿងនេះ បើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្ដីពីការរៀបចំពិព័រណ៍ camfood and comehotel 2024 បានឱ្យដឹងថា ការរំលេចឡើងនៃព្រឹតិ្តការណ៍ប្រកួតប្រជែងចំអិនម្ហូបអាហារ និងបដិសណ្ឋារកិច្ចថ្នាក់ជាតិឆ្នាំ ២០២៤នេះ និងបង្ហាញអំពីការប្រកួតជំនាញធ្វើម្ហូប និងភាពច្នៃប្រឌិតផងដែរ ក្នុងនោះរួមមាន÷ ការឆ្លាក់ផ្លែឈើ និងបន្លែម្ហូបបួសការរចនានំអាពាហ៍ពិពាហ៍ និងជំនាញបដិសណ្ឋារកិច្ចដូចជាការរៀបចំគ្រែ ការរៀបចំផ្កាការប្រកួតរៀបចំតុ និង sommelier, Waiterthon ជាដើម។

ជាមួយគ្នាផងដែរ នៅក្នុងសន្និសិទដែលបានធ្វើឡើងកាលពីរសៀលថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៤នេះ លោក លូ ម៉េង នាយកប្រតិបត្តិចុងភៅនៅកម្ពុជាក៏បានលើក ឡើងពីឱកាសនៃការវិនិយោគរបស់ម្ចាស់អាជីវកម្មផលិតផលខ្មែរ ជាមួយនឹងបណ្តាក្រុមហ៊ុនទាំងក្នុង និងក្រៅប្រទេសផងដែរ។

លោកបានឱ្យដឹងថា សម្រាប់ការប្រកួតធ្វើម្ហូបនិងបដិសណ្ឋារកិច្ចនាពេលខាងមុខនេះ គឺមានប្រមាណ ៤០ប្រទេសចូលរួម ហើយផលិតផលរបស់កសិករសំខាន់ៗដែលមាន ម្រេច គ្រាប់ស្វាយចន្ទី ស្វាយ ស្រូវ…។ល។ នឹងត្រូវដាក់បង្ហាញនៅក្នុងកម្មវិធីនោះដែរ។ លោកបន្តថា ការរៀបចំនេះទៀតសោតក៏ដើម្បីផ្សព្វផ្សាយពីការបញ្ចេញសមត្ថភាព ជំនាញ បច្ចេកទេស និងទេពកោសល្យធ្វើម្ហូបរបស់ខ្មែរដែរ ហើយវាក៏ជាឱកាសជ្រើសរើសនូវស្នាដៃធ្វើម្ហូបដែលល្អបំផុត។

លោកបញ្ជាក់ថា «សម្រាប់ម្ហូបដែលទទួលបានជ័យលាភីយើង នឹងដាក់បញ្ចូលធ្វើជាម្ហូបជាតិ ដោយមានការទទួលស្គាល់»

សូមបញ្ជាក់ថា តាមរយៈប្រតិការណ៍ដ៏អស្ចារ្យនេះ គេបានវាយតម្លៃទៅលើវិស័យបដិសណ្ឋារកិច្ចនិងម្ហូប អាហាររបស់កម្ពុជាថានឹងមានកំណើន ដែលមិនធ្លាប់មានពីមុនមក ដោយសារការជំរុញដោយកំណើនទេសចរណ៍ និងការពង្រីកទីផ្សារក្នុងស្រុក។ ការតាំងពិព័រណ៍នេះ គឺជាយុទ្ធសាស្ត្រដើម្បីទាញយកទុនលើការបង្កើនការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងការបង្កើនការផ្សព្វផ្សាយមុខម្ហូបខ្មែរលើឆាកអន្តរជាតិដែរ។ នេះបើយោងតាមលោកឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា បានលើកឡើងនៅក្នុងសន្និសីទខាងលើនេះ។

យ៉ាងណាក៏ដោយសម្រាប់ព្រឹតិ្តការណ៍ពិព័រណ៍ camfood and camhotel 2024 ដែលនឹងចាប់ ផ្ដើមនៅចុងឆ្នាំ២០២៤ នេះ ត្រូវបានគេរំពឹងថា នឹងមានក្រុមហ៊ុនដាក់តាំងបង្ហាញផលិតផលជាង 150 មកចូលរួម ជាមួយនឹងអ្នកទស្សនាជាង ១២០០០នាក់។

សម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់នេះនឹងឆ្លុះបញ្ចាំងពីកំណើនដ៏រឹងមាំ និងសក្តានុពលដ៏ធំធេងនៃឧស្សាហកម្មបដិសណ្ឋារកិច្ចរបស់ប្រទេសកម្ពុជា៕ ផ្ដល់សិទ្ធដោយ៖ Fresh News