ព័ត៌មានអន្តរជាតិ August 8, 2024

អង់គ្លេស និងអេហ្ស៉ីប ចេញការប្រកាសអាសន្នសម្រាប់ដែនអាកាសអ៉ីរ៉ង់ លីបង់ ខណៈហានិភ័យនៃភាពតានតឹងផ្នែកយោធាកើនឡើង

Liny Chan

(ឡុងដ៏)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ ចក្រភពអង់គ្លេស និងអេហ្ស៉ីប បានស្នើដល់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ចៀសវាងធ្វើដំណើរកាត់ដែនអាកាសអ៉ីរ៉ង់ ក៏ដូចជាលីបង់ ចំពោះមុខហានិភ័យនៃភាពតានតឹងកាន់តែទូលំទូលាយ ដោយសារតែជម្លោះក្នុងតំបន់ បន្ទាប់ពីការសម្លាប់សមាជិកជាន់ខ្ពស់នៃក្រុមហាម៉ាស និងក្រុម Hezbollah។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ ២០២៤។

FILE PHOTO: An employee of Luxor’s International Airport, wearing a protective face mask, walks next to an EgyptAir plane in Luxor, Egypt April 9, 2021. REUTERS/Amr Abdallah Dalsh/File Photo

សេចក្តីណែនាំរបស់ចក្រភពអង់គ្លេស ដល់បណ្តាក្រុមហ៊ុនអាកាសចរណ៍ឱ្យចៀសវាងធ្វើដំណើរកាត់ដែនអាកាសអ៉ីរ៉ង់ និងលីបង់ នាពេលនេះកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអេហ្ស៉ីបក៏បានណែនាំដល់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់របស់ខ្លួន កុំធ្វើដំណើរកាត់ដែនអាកាសអ៉ីរ៉ង់ រយៈពេល ៣ម៉ោងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ តាមទិន្នន័យពីគេហទំព័រតាមដានការហោះហើរ Flightradar24 ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស មិនបានបើកការហោះហើរទៅកាន់ប្រទេសលីបង់ទេ ក្នុងពេលបច្ចុប្បន្ននេះ។

OPSGROUP ដែលជាសមាគមចែករំលែកព័ត៌មានហានិភ័យនៃការហោះហើរ បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍អេហ្ស៉ីប ក៏កំពុងចៀសវាងធ្វើដំណើរកាត់ដែនអាកាសរបស់អ៉ីរ៉ង់ដែរ តាមសេចក្តីណែនាំដែលតម្រូវឱ្យអនុវត្ត ចំពោះក្រុមហ៊ុនដឹកជញ្ជូនអេហ្ស៉ីបទាំងអស់ រួមទាំងយន្តហោះឯកជន និងក្រុមហ៊ុនអាកាសចរណ៍តូចៗ។ សេចក្តីណែនាំបានចូលជាធរមាន ចាប់ពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។ បើតាមក្រសួងអាកាសចរណ៍ស៉ីវិលអេហ្ស៉ីប ការណែនាំមានបំណងកាត់បន្ថយហានិភ័យផ្នែកសុវត្ថិភាពនៃការហោះហើរ ដោយសារតែអាជ្ញាធរអ៉ីរ៉ង់ថា នឹងមានការធ្វើសមយុទ្ធយោធាលើដែនអាកាសរបស់ខ្លួន នៅវេលាម៉ោង ៧ និង ៣០នាទីព្រឹកថ្ងៃទី៨ ខែសីហា (ម៉ោងក្នុងទីក្រុងតេហេរ៉ង់)។

គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ជាច្រើននៅទូទាំងពិភពលោក កំពុងកែប្រែកាលវិភាគរបស់ពួកគេ ដើម្បីចៀសវាងដែនអាកាសអ៉ីរ៉ង់ និងលីបង់ ខណៈក្រុមហ៊ុនខ្លះក៏បានផ្អាកជើងហោះហើរទៅអ៉ីស្រាអែល និងលីបង់ផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News