ព័ត៌មានអន្តរជាតិ August 9, 2024

Apple អាចគិតលុយពីអ្នកប្រើប្រាស់ ២០ដុល្លារក្នុងមួយខែ សម្រាប់មុខងារ AI ថ្មី គ្រោងដាក់ចេញនាពេលខាងមុខ

Liny Chan

(បរទេស)៖ អ្នកវិភាគបានអះអាងថា ក្រុមហ៊ុនយក្ស Apple អាចគិតប្រាក់ពីអ្នកប្រើប្រាស់រហូតដល់២០ដុល្លារក្នុងមួយខែ សម្រាប់មុខងារ Apple Intelligence ថ្មី ដែលគ្រោងដាក់ចេញនាចុងឆ្នាំនេះ ខណៈដែលក្រុមហ៊ុននេះកំពុងសម្លឹងមើលការជំរុញកំណើនអាជីវកម្មរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤។

គេបានដឹងថាក្រុមហ៊ុន Apple ប្រកាសប្រព័ន្ធ AI របស់ខ្លួនមួយនេះនៅក្នុងខែមិថុនាកន្លងទៅ ដោយបានសន្យាថានឹងផ្តល់ជំនួយការសំឡេង Siri កានតែទំនើប ក៏ដូចជាមុខងារជាច្រើនរួមទាំងសមត្ថភាពក្នុងការបង្កើតអ៊ីមែល និងរូបភាពដោយស្វ័យប្រវត្តិ។ តែយ៉ាងណាអ្នកវិភាគបាននិយាយថា ខណៈពេលដែលលក្ខណៈពិសេសទាំងនេះ នឹងចាប់ផ្តើមដំណើរជាបណ្តើរៗនៅតាមបណ្តាប្រទេសមួយចំនួន ដូចជាប្រទេសចិន និងអឺរ៉ុបដំបូង ដោយជំហានដំបូងមិនគិតថ្លៃជាវនោះ នាពេលខាងមុខ Apple អាចនឹងកំណត់តម្លៃជាវជាមិនខាន។

លោក Neil Shah ដែលជាអ្នកវិភាគនៅ Counterpoint Research បាននិយាយថា ការវិនិយោគលើ AI គឺមានតម្លៃថ្លៃណាស់ ហើយ Apple ច្បាស់ណាស់នឹងបញ្ជូនការចំណាយនោះទៅអ្នកប្រើប្រាស់របស់ខ្លួន តាមរយៈការគិតថ្លៃសេវាពីអ្នកប្រើប្រាស់ Apple Intelligence ត្រឡប់មកវិញ។ លោក Shah បានប្រាប់ស្ថានីយទូរទស្សន៍ CNBC នៅក្នុងបទសម្ភាសន៍មួយកាលពីសប្តាហ៍មុនថា «កម្មវិធី និងសេវាកម្ម នេះ នឹងធ្វើឱ្យកាន់តែចំណេញសម្រាប់ Apple តាមរយៈគំរូនៃការជាវ Apple One» ។ Apple One មានតម្លៃ ១៩.៩៥ ដុល្លារក្នុងមួយខែ ហើយផ្តល់ឱ្យអ្នកប្រើប្រាស់ចូលទៅកាន់សេវាកម្ម Apple ផ្សេងៗ រួមទាំង Apple Music ផងដែរ។ លោកបន្តថា Apple អាចគិតប្រាក់ចន្លោះពី ១០ទៅ២០ដុល្លារ សម្រាប់ Apple Intelligence ដែលអាចជាផ្នែកនៃ Apple One សម្រាប់មុខងារ AI ពិសេសបន្ថែមទៀត។

គួរជម្រាបថា វាមិនមែនជារឿងចម្លែកទេ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាដែលគិតប្រាក់សម្រាប់ការចូលប្រើប្រាស់មុខងារពិសេសៗរបស់ខ្លួន។ ជាឧទាហរណ៍ ក្រុមហ៊ុន OpenAI មានការគិតថ្លៃសេវាសម្រាប់មុខងារ ChatGPT កម្រិតខ្ពស់របស់ខ្លួន និង ក្រុមហ៊ុន Microsoft គិតថ្លៃសម្រាប់ឧបករណ៍ AI Copilot ជាដើម។ តែយ៉ាងណា សម្រាប់ដំណឹងខាងលើពាក់ព័ន្ធនឹង Apple Intelligence គឺគ្រាន់តែជាការវិភាគពីអ្នកជំនាញប៉ុណ្ណោះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News