ព័ត៌មានជាតិ August 9, 2024

ជនខិលខូចក្លែងបន្លំ Logo និងត្រារបស់អគ្គនាយករដ្ឋានពន្ធដារ ប្រើឈ្មោះលោក អេង រតនា ប្រធាននាយកដ្ឋានអ្នកជាប់ពន្ធធំ ចេញលិខិតក្លែងក្លាយ, អគ្គនាយករដ្ឋានកំពុងស៉ើបអង្កេត និងចាត់វិធានការតាមច្បាប់

Liny Chan

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នេះ បានចេញមកបដិសេធទាំងស្រុង ចំពោះលិខិតជាភាសាអង់គ្លេស ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ដែលជនខិលខូចបានក្លែងបន្លំចេញ និងប្រើប្រាស់ឡូហ្គូ (Logo) និងត្រារបស់អគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងឈ្មោះ និងហត្ថលេខារបស់លោក អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ។

លិខិតនេះជា លិខិតក្លែងក្លាយ ពុំមែនចេញដោយនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារនោះទេ។

លិខិតរដ្ឋបាលនានារបស់អគ្គនាយកដ្ឋានពន្ធដារ ត្រូវអនុវត្តតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដោយមានលេខកូដ និង បារកូដសម្គាល់ច្បាស់លាស់ ដែលអាចផ្ទៀងផ្ទាត់តាមរយៈកម្មវិធីត្រួតពិនិត្យនិងតាមដានឯកសារ (GDT Check & Track) របស់អគ្គនាយកដ្ឋានពន្ធដារ។

ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមអំពាវនាវដល់សាមីសហគ្រាស និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ចូលរួមសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីស៊ើបអង្កេតនិងចាត់វិធានការតាមផ្លូវ ច្បាប់លើករណីក្លែងបន្លំនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News