ព័ត៌មានអន្តរជាតិ August 9, 2024

គណបក្សប្រឆាំងថៃ Move Forward ប្រកាសឈ្មោះថ្មី នៅក្រោមមេដឹកនាំថ្មី បន្ទាប់ពីត្រូវបានតុលាការធម្មនុញ្ញរំលាយចោល

Liny Chan

(បាងកក)៖ ថ្ងៃសុក្រនេះ គណបក្សប្រឆាំងធំជាងគេនៅប្រទេសថៃ គឺ Move Forward បានប្រកាសឈ្មោះថ្មី ក្រោមមេដឹកនាំថ្មី បន្ទាប់ពីត្រូវបានរំលាយចោល ដោយតុលាការធម្មនុញ្ញ ក្នុងសប្តាហ៍នេះ ដោយសារតែគោលនយោបាយ ចង់ធ្វើកំណែទម្រង់ច្បាប់ប្រឆាំង​ការប្រមាថស្ថាប័នព្រះមហាក្សត្រដ៏មានឥទ្ធិពល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤។

Natthaphong Ruengpanyawut, a member of the now disbanded opposition Move Forward Party, reacts before a press conference to announce a new political party in Bangkok, Thailand, August 9, 2024. REUTERS/Chalinee Thirasupa

អ្នកនាំពាក្យ Move Forward បានប្រាប់ក្រុមអ្នកសារព័ត៌មានថា គណបក្សថ្មីនឹងមានឈ្មោះ Prachachon ដែលមានន័យថា People ឬ ប្រជាជន ហើយដឹកនាំដោយសហគ្រិនបច្ចេកវិទ្យា លោក ណាតថាភុង​ រឿងបញ្ញាវុឌ្ឍិ (Natthaphong Ruengpanyawut) អាយុ៣៧ឆ្នាំ។ លោក Natthaphong បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំត្រូវបានបោះឆ្នោតជ្រើសតាំងជា មេដឹកនាំគណបក្សថ្មី ហើយបេសកកម្មរបស់យើង គឺបង្កើតរដ្ឋាភិបាលដែលមានការផ្លាស់ប្តូរ សម្រាប់ការបោះឆ្នោតសកលឆ្នាំ២០២៧»

គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ តុលាការធម្មនុញ្ញថៃ បានប្រកាសសាលក្រមបង្គាប់ឱ្យរំលាយ គណបក្ស Move Forward (MFP) ហើយដាក់បម្រាមមិនឱ្យសមាជិក១១នាក់ នៃក្រុមប្រឹក្សានាយករបស់បក្ស ធ្វើនយោបាយរយៈពេល១០ឆ្នាំ។ ក្នុងនោះក៏រួមមានទាំងលោក Pita Limjaroenrat អាយុ៤៣ឆ្នាំផងដែរ ដែលជាអ្នកដឹកនាំ Move Forward ទទួលជ័យជម្នះ យ៉ាងភ្ញាក់ផ្អើល ក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣ ប៉ុន្តែត្រូវបានរារាំងមិនឱ្យអាចបង្កើតរដ្ឋាភិបាល និងធ្វើជានាយករដ្ឋមន្រ្តី។ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ បាននាំគ្នាចេញមុខរិះគន់ ការរំលាយបក្ស Move Forward ដោយថា ​វាជះប៉ះពាល់ដល់វឌ្ឍនភាពលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសអាស៊ានមួយនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News