ព័ត៌មានជាតិ August 10, 2024

សម្ដេចធិបតីហ៊ុន ម៉ាណែត ជួយសាងសង់ស្ពានថ្មមួយកន្លែង ឆ្លងកាត់ស្ទឹងសែន ដើម្បីជូនប្រជាពលរដ្ឋរស់នៅក្នុងឃុំចំនួន២ ក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ

Liny Chan

(កំពង់ធំ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីម្ពុជា បានសម្រេចជាគោលការណ៍ ធ្វើការសាងសង់ស្ពានថ្មមួយកន្លែង ប្រវែង១៣០ម៉ែត្រ ឆ្លងកាត់ស្ទឹងសែន ជូនប្រជាពលរដ្ឋឃុំឈូក និងស្រើង ក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ សម្រាប់ប្រើប្រាស់ដឹកជញ្ជួនសកិផល ពិសេសឲ្យក្មួយៗសិស្សានុសិស្សងាយស្រួលឆ្លងទៅមក ដើម្បីទៅសិក្សារៀនសូត្រ។

ស្ពានថ្មថ្មីដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត, បណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ប្រកាសឲ្យដឹងជាផ្លូវការ ក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋ ខ្វះខាតនិងចាស់ជរាចំនួន៣០០ គ្រួសាររស់នៅក្នុងស្រុកប្រាសាទសំបូរ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ប្រារព្ធធ្វើឡើងក្នុងបរិវរណសាលាស្រុកប្រាសាទសំបូរ ។

លោកស្រីបណ្ឌិត បណ្ឌិត ជា សិរី បានបញ្ជាក់ដែរថាស្ពានដែលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់ជូននេះមានតម្លៃធំធេង និងផ្ដល់ផលប្រយោជន៍មិនអាចកាត់ថ្លៃបានឡើយ សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់នេះ ព្រោះបានបង្កនូវភាពងាយស្រួល ក្នុងការដឹកជញ្ជួនកសិផលទៅកាន់ទីផ្សារ ពិសេសទៀតនោះស្ពាននេះ លែងឲ្យសិស្សានុសិស្ស លំបាកត្រូវជិះទូកឆ្លងទៅរៀនដូចមុនទៀតដែរ។

លោកស្រីបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចអាជ្ញាធរដែនដីឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពទឹកជំនន់ ព្រោះរដូវវស្សានាឆ្នាំនេះទឹកធំជាងបណ្ដាឆ្នាំមុនៗ ដើម្បីបញ្ជៀសឲ្យបានទាន់ពេលវេលា ចំពោះហានិភ័យដែលអាចកើតមានជាយថាហេតុពិសេសសុវត្ថិភាពប្រជាពលរដ្ឋ និងកុមារតូចៗ។

លោកស្រីបណ្ឌិត ជា សិរី ក៏បានអំពាវនាវឲ្យប្រជាជនដែលមានបញ្ហា ជំងឺភ្នែក ត្រចៀក និងច្រមុះ ប្រញាប់ទៅពិនិត្យនិងព្យាបាលដោយមិនគិតថ្លៃនៅភ្នំពេញ ពីក្រុមគ្រូពេទ្យជំនាញមកពីប្រទេសអូស្ដ្រាលី ហើយរាល់ការចំណាយនានា និងការស្នាក់នៅជាការបន្ទុកផ្ទាល់របស់ក្រុមការងារស្ម័គ្រចិត្ត របស់ធនាគារជាតិនៃកម្ពុជាជាអ្នកដោះស្រាយ។

សូមបញ្ជាក់ថា អំណោយដែលប្រជាពលរដ្ឋទាំង៣០០គ្រួសារ ទទួលបាននាពេលពេលនោះមានគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News