Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ប.ស.ស នឹងចាប់ផ្តើមពង្រីកការចុះបញ្ជីសមាជិក តាមប្រព័ន្ធអនឡាញ

    BY Liny Chan August 10, 2024
    ប.ស.ស នឹងចាប់ផ្តើមពង្រីកការចុះបញ្ជីសមាជិក តាមប្រព័ន្ធអនឡាញ

    (ភ្នំពេញ)៖ ដើម្បីក្លាយជាសមាជិក ប.ស.ស យ៉ាងងាយស្រួល និងឆាប់រហ័ស ប្រជាពលរដ្ឋអាចចុះបញ្ជីតាមរយៈអនឡាញ ជាមួយកម្មវិធីទូរស័ព្ទ (App) NSSF Member។ នេះបើការបញ្ជាក់របស់លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិរបបសន្តិសុខសង្គម។

    ក្នុងកិច្ចសម្ភាសជាមួយបណ្ដាញព័ត៌មាន Fresh News លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ លើកឡើងយ៉ាងដូច្នេះថា «ពីមុនយើងត្រូវតម្រូវឲ្យពួកគាត់មកចុះបញ្ជី បសស តាមសាខាណាដែលជិតបំផុត ប៉ុន្តែបច្ចុប្បន្ននេះគាត់មិនបាច់មកចុះបញ្ជីរងចាំយូរនោះទេ គាត់អាចដោនឡូត NSSF Member Mobile App រួចចុះបញ្ជីខ្លួនឯងបាន» ។

    មិនតែប៉ុណ្ណោះ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម បានបញ្ជាក់ថា ទិសដៅរបស់ ប.ស.ស នឹងពង្រីកការចុះបញ្ជី នៅតាមទីផ្សារទំនើបដូចជា អ៊ីអនម៉ល១, អ៊ីអនម៉ល២, អ៊ីអនម៉ល៣ និងខេម៉ល ជាដើម ដើម្បីសម្រួលទៅដល់ប្រជាពលរដ្ឋខ្មែរដែលចាប់អារម្មណ៍ក្នុងការចុះឈ្មោះបញ្ជីការសមាជិក ប.ស.ស មានភាពងាយស្រួលជាងមុន។

    សូមជម្រាបថា បេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ ប.ស.ស ជាស្ថាប័នប្រតិបត្តិករតែមួយគត់ដែលធ្វើប្រតិបត្តិការរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ និងជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យ ព្រមទាំងជានីតិបុគ្គល នៃនីតិសាធារណៈ និងមានថវិកាស្វយ័ត ស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: