ព័ត៌មានអន្តរជាតិ August 13, 2024

អ៊ុយក្រែន អះអាងថាកងទ័ពរបស់ខ្លួន ដណ្ដើមបានទឹកដីរុស្ស៉ី ១០០០គីឡូម៉ែត្រក្រឡា

Liny Chan

(Reuters)៖ អ៊ុយក្រែន កាលពីថ្ងៃទី១២ ខែសីហា បានអះអាងថាប្រតិបត្តិការវាយលុកឆ្លងដែនរបស់ខ្លួន បានដណ្ដើមគ្រប់គ្រងទឹកដីបាន ១០០០គីឡូម៉ែត្រក្រឡា នៃតំបន់ Kursk របស់រុស្ស៉ី ហើយដែលនេះអាចនឹងបង្ខំឱ្យលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ព្រមទទួលយកសន្តិភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។

ក្នុងពេលដែលរុស្ស៉ី កំពុងបន្តតស៊ូវាយរុញច្រានការវាយប្រហារដ៏ភ្ញាក់ផ្អើលមួយរបស់កងទ័ពអ៊ុយក្រែន អស់រយៈពេលជាង១សប្ដាហ៍មកនេះ មេបញ្ជាការកំពូលរបស់ អ៊ុយក្រែន លោក Oleksandr Syrskyi បានជូនដំណឹងទៅកាន់លោកប្រធានាធិបតី Volodymyr Zelenskiy តាមរយៈប្រព័ន្ធវីដេអូ ថាកងទ័ពអ៊ុយក្រែនកំពុងវាយរុល ទៅមុខក្នុងទឹកដីរុស្ស៉ី។ លោក Syrskyi បានគូសបញ្ជាក់ដូច្នេះថា «យើងកំពុងបន្តដឹកនាំប្រតិបត្តិការវាយលុកមួយក្នុងតំបន់ Kursk។ បច្ចុប្បន្ន យើងគ្រប់គ្រងទឹកដី ប្រហែល ១០០០គីឡូម៉ែត្រក្រឡា នៃទឹកដីសហព័ន្ធរុស្ស៉ី»

គួរបញ្ជាក់ថា ការអះអាងរបស់លោក Syrskyi ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអភិបាលស្ដីទីនៃតំបន់ Kursk លោក Alexei Smirnov បាននិយាយថា កងទ័ពអ៊ុយក្រែនបានដណ្ដើមគ្រប់គ្រងទីតាំងចំនួន ២៩កន្លែង នៅក្នុងប្រតិបត្តិការវាយឆ្មក់ចូលទឹកដីរុស្ស៉ី។ លោកបន្ថែមថាកងទ័ពអ៊ុយក្រែនវាយចូលដីរុស្ស៉ី បាន ជម្រៅ ១២គីឡូម៉ែត្រ និងទទឹង ៤០គីឡូម៉ែត្រ។ ប៉ុន្តែ ការអះអាងរៀងៗខ្លួនរបស់ភាគីរុស្ស៉ី និងអ៊ុយក្រែនមិនទាន់អាចត្រូវបានផ្ទៀងផ្ទាត់នៅឡើយទេ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News