Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    លោក វ៉ាត់ ចំរើន៖ វត្តមាន វណ្ណដា ក្នុងពិធីបិទកីឡាអូឡាំពិក ជាបុព្វសិទ្ធ IOC និងម្ចាស់ផ្ទះ, លោកចាត់ទុកនេះ គឺជាមហាកិត្តិយសសម្រាប់ចលនាអូឡាំពិក និងប្រជាជនកម្ពុជាទាំងមូល

    BY Liny Chan August 13, 2024
    លោក វ៉ាត់ ចំរើន៖ វត្តមាន វណ្ណដា ក្នុងពិធីបិទកីឡាអូឡាំពិក ជាបុព្វសិទ្ធ IOC និងម្ចាស់ផ្ទះ, លោកចាត់ទុកនេះ គឺជាមហាកិត្តិយសសម្រាប់ចលនាអូឡាំពិក និងប្រជាជនកម្ពុជាទាំងមូល

    (ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបង្ហើបថា ការបង្ហាញរបស់កំពូលតារាចម្រៀងរ៉េបកម្ពុជា លោក វណ្ណដា ក្នុងពិធីបិទព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង គឺជាបុព្វសិទ្ធរបស់គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) និងម្ចាស់ផ្ទះ ។ យ៉ាងណាមិញ លោកបានបង្ហាញនូវមោទនភាព និងបានចាត់ទុកវត្តមាននេះ គឺជាមហាកិត្តិយសមួយ សម្រាប់ចលនាអូឡាំពិកនៅកម្ពុជា ពិសេសប្រជាជនកម្ពុជាទាំងមូល ។

    មន្ដ្រីជាន់ខ្ពស់ចលនាអូឡាំពិកកម្ពុជាខាងលើ បានបញ្ជាក់ថា ការជ្រើសរើសអ្នកមានឥទ្ធិពលជាសាធារណៈ និងមានប្រជាប្រិយភាពលើពិភពលោក គឺជាការច្នៃប្រឌិត និងជ្រើសរើសរបស់គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ ។ អ្វីដែលពិសេស គឺ IOC ផ្ដល់លទ្ធភាពខ្ពស់ ចំពោះអ្នកមានទេពកោសល្យលេចធ្លោរនៅប្រទេសកំពុងអភិវឌ្ឍន៍ ហើយជាចៃដន្យឆ្នាំនេះ គេក៏បានជ្រើសរើសកម្ពុជាផងដែរ គឺតារាចម្រៀងរ៉េបដ៏ល្បី វណ្ណដា ដែលត្រូវបានគេទទួលស្គាល់នូវភាពលេចធ្លោរ ក៏ដូចជាទេពកោសល្យដ៏អស្ចារ្យរបស់តារារ៉េបវ័យក្មេងរូបនេះ ។

    លោកថា «នេះជាការជ្រើសរើសផ្ទាល់ពី IOC ដោយមិនឆ្លងកាត់ ឬទំនាក់ទំនងផ្ទាល់ជាមួយអូឡាំពិកយើងទេ។ ជាធម្មតាក្នុងការប្រកួតកីឡាអូឡាំពិកធំៗ ពិធីបើក និងពិធីបិទ គឺបុព្វសិទ្ធរបស់ IOC និងម្ចាស់ផ្ទះ គេមិនឲ្យអ្នកណាដឹងពីការជ្រើសរើសរបស់គេទេ ប៉ុន្ដែមុនការជ្រើសរើស ក៏គេមានការថ្លឹងថ្លែងដែរ បើការជ្រើសរើសទៅមានបញ្ហា ដែលប៉ះពាល់ខ្លាំង ឬក៏អ្វី គេក៏សួរមកអូឡាំពិកដែរ តែបើអត់មានអ្វីទេ គេជ្រើសរើសដូច្នេះតែម្ដង ។ អ៊ីចឹងអត់មានអ្វីចម្លែក ឬមូលហេតុអ្វីនៃជ្រើសរើស វណ្ណដា ទេ គ្រាន់តែ វណ្ណដា ជាអ្នកមានប្រជាប្រិយភាពខ្ពស់ ហើយគេក៏ជ្រើសរើសយកទៅ» ។

    លោក វ៉ាត់ ចំរើន បន្ដទៀតថា «ការងារនេះ យើងមានមោទនភាព ដែល IOC និងម្ចាស់ផ្ទះបារាំង បានជ្រើសរើស វណ្ណដា ដើម្បីច្រៀងក្នុងពិធីបិទការប្រកួតកីឡាអូឡាំពិក ។ នេះជាប្រវត្តិសាស្ដ្រលើកទី១ ហើយ ដែលអ្នកមានទេពកោសល្យ មានប្រជាប្រិយភាពខ្លាំងក្នុងផ្នែកសិល្បៈ ដែលជាជនជាតិខ្មែរ បានឡើងទៅបង្ហាញវត្តមាននៅកលើឆាកនៃចលនាអូឡាំពិក ដែលជាការប្រកួតកីឡាអូឡាំពិកដ៏ធំប្រចាំរដូវកាល ៤ឆ្នាំម្ដងនេះ។ យើងឃើញថា ការរៀបចំនេះ ជាការផ្ដល់នូវកិត្តិយសដល់ចលនាអូឡាំពិកកម្ពុជា ពិសេសដល់ប្រទេសកម្ពុជា និងប្រជាជនខ្មែរទាំងជាង ១៦លាននាក់ ដែលបានទទួលនូវមហាកិត្តិយសនេះទាំងអស់គ្នា» ។

    ការគូសបញ្ជាក់នេះ បន្ទាប់ពីមានប្រព័ន្ធផ្សព្វផ្សាយជាច្រើនលើពិភពលោក បានផ្សព្វផ្សាយយ៉ាងទូលំទូលាយទៅលើការងារពិធីបិទកីឡាអូឡាំពិកប៉ារីស ឆ្នាំ២០២៤ ហើយបានបង្ហាញនូវទេពកោសល្យ និងលក្ខណៈពិសេសរបស់ វណ្ណដា ដែលជាយុវជនខ្មែរជំនាន់ក្រោយ ដែលមានថាមពល និងមានទេពកោសល្យខ្ពស់ក្នុងវិស័យសិល្បៈ ហើយបានជះឥទ្ធិពលខ្ពស់ទៅលើពិភពលោកបានយ៉ាងល្អប្រសើរនេះ ។

    លោក វ៉ាត់ ចំរើន បន្ថែមថា «អ្វីដែលយើងកត់សម្គាល់ ហើយក៏ជាការលើកទឹកចិត្តឲ្យកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជាផងដែរ ចំពោះវត្តមាន វណ្ណដា ពេលនេះ បើទោះបីលទ្ធផលការប្រកួតយ៉ាងណាក៏ដោយ ប៉ុន្ដែវត្តមាននេះ គឺជាមោទនភាពខ្ពស់របស់ជាតិយើង ហើយសូមឲ្យក្លាយទៅជាការគាំទ្ររបស់យើងទាំងអស់គ្នា ចំពោះអ្វីដែលកម្ពុជា ដែលកំពុងមានសុខសន្ដិភាព ដែលយើងអាចមានឱកាសដើម្បីបង្ហាញភាពខ្លាំងរបស់យើងទៅពិភពលោក ទាំងកីឡា ទាំងសិល្បៈ ។ នេះគឺជាកត្ដាកើតចេញពីសន្ដិភាព ។ អ៊ីចឹងសូមនាំគ្នាបន្ដការពារ និងថែរក្សាសន្ដិភាពបន្ដទៀត ដើម្បីមានឱកាសក្រោយៗទៀត ជះឥទ្ធិពលទៅកាន់ពិភពលោក» ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: