Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ស្នើតួកគីបញ្ចុះបញ្ចូលអ៉ីរ៉ង់ ឱ្យបន្ធូរបន្ថយភាពតានតឹង នៅតំបន់មជ្ឈិមបូព៌ា

BY Liny Chan August 13, 2024
សហរដ្ឋអាមេរិក ស្នើតួកគីបញ្ចុះបញ្ចូលអ៉ីរ៉ង់ ឱ្យបន្ធូរបន្ថយភាពតានតឹង នៅតំបន់មជ្ឈិមបូព៌ា

(អង់ការ៉ា)៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសតួកគី លោក Jeff Flake បាននិយាយថា សហរដ្ឋអាមេរិកកំពុងស្នើតួកគី និងសម្ព័ន្ធមិត្តដទៃដែលមានទំនាក់ទំនងជាមួយអ៉ីរ៉ង់ ជួយបញ្ចុះបញ្ចូលអ៉ីរ៉ង់ឱ្យបន្ធូរបន្ថយភាពតានតឹង នៅតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ ២០២៤។

នៅឯវេទិកាតុមូលជាមួយក្រុមអ្នកកាសែត ក្នុងទីក្រុង Istanbul ខណៈដែលដល់ពេលត្រូវបញ្ចប់អាណត្តិបេសកកម្ម ក្នុងប្រទេសតួកគី លោក Flake គូសបញ្ជាក់ថា «យើងបានស្នើដល់សម្ព័ន្ធមិត្តទាំងអស់ ដែលមានទំនាក់ទំនងជាមួយអ៉ីរ៉ង់ ជួយបញ្ចុះបញ្ចូលពួកគេ (អ៉ីរ៉ង់) ឱ្យបន្ធូរបន្ថយភាពតានតឹង រួមទាំងតួកគីផ្ទាល់»។ ដោយលើកឡើងពី ការចូលរួមសម្របសម្រួល របស់តួកគី ក្នុងនាមទីក្រុងវ៉ាស៉ីនតោន លោកបន្ថែមថា «ពួកគេកំពុងធ្វើអ្វីដែលអាចធ្វើបាន ដើម្បីប្រាកដថា មិនមានភាពតានតឹងបន្ថែម ហើយពួកគេហាក់ដូចជាមានទំនុកចិត្តជាងយើងថា វានឹងមិនកើនឡើងទៀតនោះទេ»

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់ លោក Flake ធ្វើឡើងខណៈដែលតំបន់មជ្ឈិមបូព៌ា កំពុងប្រឈមមុខនឹង លទ្ធភាពវាយប្រហារសងសឹកពីអ៉ីរ៉ង់ ក៏ដូចជាសម្ព័ន្ធមិត្តរបស់ខ្លួន ក្រោយការសម្លាប់មេដឹកនាំជាន់ខ្ពស់របស់ក្រុមហាម៉ាស ក្នុងទីក្រុងតេហេរ៉ង់ និងមេបញ្ជាការរបស់ក្រុម Hezbollah នៅលីបង់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: