ព័ត៌មានជាតិ August 14, 2024

ម្ចាស់បទ «Time To Rise» វណ្ណដា វិលត្រលប់មកដល់កម្ពុជា ទទួលបានការស្វាគមន៍ពីប្រធាន NOCC ក្រោយសម្តែងនៅឆាកបិទកីឡាអូឡាំពិក ២០២៤ ទីក្រុងប៉ារី

Liny Chan

(ភ្នំពេញ)៖ តារាងចម្រៀងរ៉េបដ៏ល្បីរបស់កម្ពុជា ម៉ាន់ វណ្ណដា (Vann Da) នៅព្រឹកថ្ងៃទីពុធ ទី១៤ ខែសីហា ឆ្នាំ២០២៤ បានវិលត្រលប់មកដល់ទឹកដីកម្ពុជា វិញហើយ ដោយមានការទទួលស្វាគមន៍ពីលោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នឹងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ផងដែរ ។

កំពូលតារាចម្រៀង រ៉េបល្បីឈ្មោះរបស់កម្ពុជា លោក វណ្ណដា បានធ្វើឲ្យប្រជាជនខ្មែរមានមោទនភាពជាខ្លាំង តាមរយៈការចូលរួមច្រៀងបិទព្រឹត្តិការណ៍កីឡាអូឡាំពិក Paris Olympics Games 2024 កម្រិតពិភពលោកដែលប្រារព្ធធ្វើឡើងនៅទីក្រុងបារីស ប្រទេសបារាំង ។

នេះអាចនិយាយបានថា វណ្ណដា ជាតារាចម្រៀងខ្មែរលើកដំបូងហើយ ដែលមានវត្តមានក្នុងកម្មវិធីដ៏ធំ និងអស្ចារ្យបែបនេះ។ តាមរយៈការចូលរួមនេះ វណ្ណដា បាននាំយកចម្រៀងដ៏ល្បីរបស់ខ្លួន ចំណងជើងថា «Time To Rise» មកបកស្រាយ អមជាមួយការរៀបចំខ្លួនដ៏ល្អឥតខ្ចោះ បង្ហាញពីអត្តសញ្ញាណខ្មែរ ឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់។

គួរជម្រាបថា នេះជាប្រវត្តិសាស្ត្រហើ ដែលសិល្បករខ្មែរ តារាចម្រៀងរ៉េប វណ្ណដា បានចូលរួមសម្តែង ក្នុងព្រឹត្តិការណ៍បិទកីឡាអូឡាំពិក ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំងនេះ ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News