មានពាក្យចចាមអារ៉ាមថា! Apple កំពុងធ្វើការលើ Robot ហើយគ្រោងប្រកាសចេញនៅអំឡុងឆ្នាំ២០២៦
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ត្រូវបានគេរាយការណ៍ថា កំពុងអភិវឌ្ឍន៍ឧបករណ៍មនុស្សយន្តនៅលើតុ (tabletop robot device) ដែលត្រូវបានគេរំពឹងថានឹងចេញលក់នៅប្រហែលឆ្នាំ២០២៦ ឬ ២០២៧ ជាមួយនឹងតម្លៃប៉ាន់ស្មានប្រហែល ១,០០០ដុល្លារ។ ឧបករណ៍នេះមានអេក្រង់បង្ហាញបែប iPad ភ្ជាប់ទៅនឹងដៃមនុស្សយន្ត ដែលអាចបង្វិលបាន 360 ដឺក្រេ និងផ្អៀងឡើងលើចុះក្រោម។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។

ប្រភពពីលោក Mark Gurman មកពី Bloomberg បានឱ្យដឹងថា tabletop robot device ឬ មនុស្សយន្តថេប្លេតរបស់ក្រុមហ៊ុន Apple ត្រូវបានរចនាឡើងដើម្បីដំណើរការជាមជ្ឈមណ្ឌលគ្រប់គ្រងផ្ទះឆ្លាតវៃ (smart home device), ឧបករណ៍សន្និសីទវីដេអូ (video conferencing tool) និងតួនាទីតាមដានសុវត្ថិភាពផ្ទះ (home security monitor)។ ជាងនេះទៅទៀត វាត្រូវបានរួមបញ្ចូលមុខងារដើម្បីឆ្លើយតបទៅនឹងការបញ្ជាដោយសំឡេងតាមរយៈ Siri ហើយនឹងប្រើប្រាស់កំណែ iPadOS ផ្ទាល់ខ្លួន។ ប្រភពដដែល បានគូសបញ្ជាក់ថា ឧបករណ៍នេះ នឹងចេញមកជាមួយនឹងមុខងារបញ្ញាសិប្បនិមិត្ត AI (Apple Intelligence) របស់ Apple ផងដែរ។
គួរជម្រាបដែរថា គម្រោងនេះ ត្រូវបានដឹកនាំដោយលោក Kevin Lynch ដែលជានាយកប្រតិបត្តិទទួលបន្ទុកគម្រោងផលិតរថយន្ត Apple ដែលមានឈ្មោះថា Project Titan ខណៈបច្ចុប្បន្ននេះ បានបោះបង់ចោលការផលិតទៅហើយ។ អ្នកវិភាគមួយចំនួនបានបង្ហាញថា ការងាកទៅផលិតឧបករណ៍មនុស្សយន្ត គឺជាយុទ្ធសាស្រ្តថ្មីរបស់ក្រុមហ៊ុន Apple ក្នុងការស្វែងរកទីផ្សារ និងបច្ចេកវិទ្យាថ្មីៗ ព្រមទាំងរកទីតាំងឈរនៅក្នុងទិដ្ឋភាពថ្មី ដូចក្រុមហ៊ុនបច្ចេកវិទ្យាយក្សដទៃទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News








