ព័ត៌មានអន្តរជាតិ August 19, 2024

TikTok ប្ដឹងតុលាការឧទ្ធរណ៍អាមេរិកឱ្យលុបចោលច្បាប់ថ្មីដែលត្រូវឱ្យលក់អាជីវកម្មនៅអាមេរិក ឬហាមឃាត់

Liny Chan

(បរទេស)៖ ក្រុមហ៊ុន TikTok បានប្រាប់តុលាការឧទ្ធរណ៍អាមេរិក ថាក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានផ្ដល់នូវ​ព័ត៌មានមិនពិតថា បណ្ដាញសង្គម TikTok ជាគេញសម្ងាត់ ឬជាអ្នកផ្ដល់ព័ត៌មានឱ្យរដ្ឋាភិបាល និងបានជំរុញឱ្យតុលាការលុបចោលច្បាប់ដែលតម្រូវឱ្យ ByteDance ដែលជាក្រុមហ៊ុនមេ មានមូលដ្ឋាននៅប្រទេសចិនលក់ទ្រព្យសម្បត្តិរបស់ TikTok នៅសហរដ្ឋអាមេរិក ឬប្រឈមនឹងការហាមឃាត់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤។

នៅក្នុងពាក្យបណ្ដឹងរបស់ TikTok បាន​បញ្ជាក់ថា ក្រសួង​យុត្តិធម៌​អាមេរិក បាន​បង្កើត​កំហុស​ជាក់ស្តែង​ក្នុង​ករណី​នេះ។ ការិយាល័យមេធាវី បាននិយាយកាលពីខែមុនថា កម្មវិធីនេះបង្កហានិភ័យសន្តិសុខជាតិ ដោយអនុញ្ញាតឱ្យរដ្ឋាភិបាលចិនប្រមូលទិន្នន័យរបស់ជនជាតិអាមេរិក និងរៀបចំដោយសម្ងាត់នូវខ្លឹមសារមួយចំនួន។

ក្រុមហ៊ុន TikTok បានបញ្ជាក់ជាថ្មីទៅកាន់តុលាការឧទ្ធរណ៍ថា សម្រាប់ទិន្នន័យអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកគឺត្រូវ​បានរក្សាទុកនៅជាមួយក្រុមហ៊ុនអាមេរិកគឺ Oracle ចំណែកមាតិកាផ្សេងៗដែលនាំឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់​នោះគឺ​ក្រុមហ៊ុនបានអនុលោមទៅតាមច្បាប់ និងការទាមទាររបស់អាមេរិករួចអស់ហើយ ដូច្នោះវាមិនមែនអ្វីដែលជាក្ដីព្រួយបារម្ភ និងមិនដូចការលើកឡើងរបស់ចៅក្រមនោះទេ។

គួរបញ្ជាក់ផងដែរថា លោកប្រធានាធិបតី Joe Biden បានចុះហត្ថលេខាកាលពីថ្ងៃទី២៤ ខែមេសា លើច្បាប់​ថ្មី​មួយ ដោយ​ទុកពេលឱ្យក្រុមហ៊ុន ByteDance រហូតដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ក្នុងការលក់អាជីវកម្ម TikTok នៅ​សហរដ្ឋអាមេរិក ឬប្រឈមមុខនឹងការហាមឃាត់ ប៉ុន្តេសេតវិមានបាននិយាយថា ខ្លួនចង់ឃើញ ByteDance បញ្ចប់​បញ្ហានេះដោយហេតុផលសន្តិសុខជាតិ ជាជាងការហាមឃាត់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News