លោក កែវ រ៉េមី បន្ដជាប់ជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ និងបន្ថែមតួនាទីថ្មីនៅ ATF
(ភ្នំពេញ)៖ លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា នៅពេលនេះបានទទួលការគាំទ្រធ្វើជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ បន្ដទៀត។ ហើយលើសពីនេះ សហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ី (ATF) បានបន្ថែមការតែងតាំងលោកធ្វើជាប្រធានគណៈកម្មការពង្រីក និងជំរុញការអភិវឌ្ឍរបស់ ATF ទៀតផងដែរ ។

នេះបើយោងតាមការជូនដំណឹងរបស់សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ស្របពេលលោក កែវ រ៉េមី បានដឹកនាំប្រតិភូ គ្រូបង្វឹក និងអត្តពលិកកម្ពុជា ចូលរួមការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី១០ នៅទីក្រុង Bengaluru ប្រទេសឥណ្ឌា ចាប់តាំងពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ នេះ ។
គួរដឹងថា ក្នុងនាមប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ក្រៅពីទទួលបានការគាំទ្រ និងបន្ដធ្វើជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ ក៏ដូចជាការបន្ថែមតួនាទីជាប្រធានគណៈកម្មការពង្រីក និងជំរុញការអភិវឌ្ឍតេក្វាន់ដូ ITF អាស៊ី បច្ចុប្បន្នលោក កែវ រ៉េមី ក៏ជាអនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អន្ដរជាតិផងដែរ ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News




