ព័ត៌មានជាតិ August 22, 2024

ក្រសួងសុខាភិបាល ប្រកាសពីករណីបាត់បង់ជីវិត ពលរដ្ឋចំនួន ៣នាក់ជាបន្តបន្ទាប់ បណ្តាលមកពីការពុលស្រា នៅស្រុកទ្រាំង ខេត្តតាកែវ

Liny Chan

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ បានសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីស្លាប់ ៣នាក់ជាបន្តបន្ទាប់បណ្តាលមកពីការពុលស្រា នៅស្រុកទ្រាំង ខេត្តតាកែវ។

តាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅមុននេះបានឲ្យដឹងថា ការស្លាប់មនុស្ស៣នាក់ជាបន្តបន្ទាប់ បានកើតនៅភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ និង៣នាក់ទៀតកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ ហើយភ្លាមៗនោះមន្ទីរសុខាភិបាលខេត្ត បានចាត់ឱ្យក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលខេត្ត ស្រុកប្រតិបត្តិ និងមណ្ឌលសុខភាព សហការជាមួយ នគរបាលស្រុក នគរបាលឃុំអាជ្ញាធរមូលដ្ឋានស្រុក ឃុំ ភូមិ ក្រុមការងារសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» និងក្រុមកោសល្យវិច័យនៃស្នងការនគរបាលខេត្ត ចុះទៅពិនិត្យនិងស្រាវជ្រាវផ្ទាល់ដល់ទីកន្លែងកើតហេតុ ដើម្បីស្វែងរកមូលហេតុដែលបណ្តាលឱ្យមានបញ្ហាសុខភាពនិងស្លាប់ខាងលើ។

ក្រសួងបានឲ្យដឹងទៀតថា តាមការសាកសួរបង្ហាញថា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ពួកគាត់បានពិសាស្រាថ្នាំ លុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ មនុស្ស៣នាក់បានស្លាប់ និង៣នាក់ទៀតត្រូវបានជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យ។ លទ្ធផលតេស្តនិងវិភាគសំណាកស្រាថ្នាំ ដោយអគ្គនាយកដ្ឋាន«ក.ប.ប.» ឃើញថាមានផ្ទុកសារធាតុមេតាណុលកម្រិត១៥% ដែលធ្វើឱ្យពុលស្លាប់ ដែលកម្រិតមិនពុលនោះមិនត្រូវលើសពី ០.១% ។

ក្រុមឆ្លើយតបបន្ទាន់ និងអាជ្ញាធរពាក់ព័ន្ធបានចុះអប់រំណែនាំប្រជាជននៅតាមភូមិ-ឃុំ ដែលកើតហេតុ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ដោយអនុវត្តខ្ជាប់ខ្ជួននូវអនាម័យចំណីអាហារឲ្យបានល្អ និងត្រូវបញ្ឈប់ជាបន្ទាន់នូវការពិសាស្រាដែលផលិតឬបិតស្រាមិនបានត្រឹមត្រូវតាមក្បួនខ្នាតបច្ចេកទេស និងបញ្ឈប់ការលក់ស្រានិងទីតាំងផលិតចែកចាយស្រាក្នុងតំបន់គោលដៅដែលកើតហេតុខាងលើ៕ ផ្ដល់សិទ្ធដោយ៖ Fresh News