ព័ត៌មានអន្តរជាតិ August 24, 2024

នៅសល់តែជាង ១០ថ្ងៃទៀតប៉ុណ្ណោះ Apple នឹងប្រកាសបង្ហាញផលិតផលថ្មីជាផ្លូវការហើយ

Liny Chan

(បរទេស)៖​ សារព័ត៌មាន Bloomberg បានរាយការណ៍នៅថ្ងៃសុក្រសប្តាហ៍នេះថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple កំពុងរៀបចំព្រឹត្តិការណ៍ដាក់បង្ហាញផលិតផលដ៏ធំបំផុតប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃទី១០ ខែកញ្ញាខាងមុខ។ ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ ក្រុមហ៊ុននឹងបង្ហាញម៉ូដែលចុងក្រោយបង្អស់របស់ iPhones, Apple Watches និង AirPods របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuteres នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤។

របាយការណ៍ពី Bloomberg ដដែលបានឱ្យដឹងទៀតថា បន្ទាប់ពីព្រឹត្តិការណ៍នេះ iPhone ថ្មី ពោលគឺ ត្រកូល iPhone 16 ត្រូវបានគេរំពឹងថានឹងអាចរកទិញបាននៅថ្ងៃទី២០ ខែកញ្ញា ស្របតាមកាលវិភាគចេញលក់ជារៀងរាល់ឆ្នាំរបស់ Apple។ យ៉ាងណាជុំវិញព័ត៌មានលម្អិតផ្សេងទៀត Apple នៅមិនទាន់មានការបង្ហាញជាផ្លូវការនៅឡើយនោះទេ។

គួរជម្រាបថា អ្នកវិភាគរំពឹងលើត្រកូល iPhone 16 ថានឹងមានការអាប់ដេតសំខាន់ៗ រួមទាំងអេក្រង់ធំជាងមុន ការពង្រឹងសមត្ថភាពកាមេរ៉ា និងចេញមកជាមួយមុខងារ AI ថ្មីដែលមានឈ្មោះថា «Apple Intelligence»។ បន្ថែមពីលើ iPhone 16 នៅមាន Apple Watch Series 10 ជំនាន់ថ្មីត្រូវបានគេរំពឹងថា នឹងមានអេក្រង់កាន់តែស្តើងជាងមុន ហើយត្រកូល AirPods នឹងឃើញការអាប់ដេត រួមទាំងមុខងារលុបបំបាត់សំឡេងរំខានពីខាងក្រៅជាលើកដំបូង។ ផលិតផលទាំងអស់នេះត្រូវបានគេរំពឹងថា នឹងជួយឱ្យការលក់របស់ Apple ងើបឡើងវិញ ខណៈការលក់នៅក្នុងទិផ្សារធំទី៣ របស់ Apple គឺប្រទេសចិនបានធ្លាក់ចុះប្រមាណ ៦.៥ភាគរយឯណោះ៕ Fresh News