Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

អ៊ុយក្រែនថា រុស្ស៉ីបើកការវាយប្រហារមីស៉ីលនិងដ្រូន ក្នុងទ្រង់ទ្រាយធំ ឆ្ពោះមកកាន់ទីក្រុងកៀវ

BY Liny Chan August 26, 2024
អ៊ុយក្រែនថា រុស្ស៉ីបើកការវាយប្រហារមីស៉ីលនិងដ្រូន ក្នុងទ្រង់ទ្រាយធំ ឆ្ពោះមកកាន់ទីក្រុងកៀវ

(កៀវ)៖ សំលេងផ្ទុះបានលាន់ឮនៅកណ្តាលរដ្ឋធានីកៀវ របស់អ៊ុយក្រែន នៅព្រឹកថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់) ខណៈដែលយោធា ព្រមានថាមានការវាយប្រហារដ៏ធំមួយរបស់រុស្ស៉ី ដោយមីស៉ីលនិងយន្តហោះដ្រូន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ ២០២៤។

កងទ័ពអាកាសអ៊ុយក្រែន ណែនាំដល់ពលរដ្ឋថា រុស្ស៉ីហោះហើរយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត TU-95 ចំនួន ១១គ្រឿង នៅលើអាកាស និងបានបាញ់មីស៉ីលមួយចំនួន ឆ្ពោះមករដ្ឋធានីកៀវ។ ក្រុមអ្នកកាសែតរបស់ Reuters ក៏បាន​ឮ​សូរសំលេង​​ប្រព័ន្ធការពារដែន​អាកាសស្ទាក់ចាប់មីស៉ីលផងដែរ​។ អាជ្ញាធរក្នុងតំបន់ បានរាយការណ៍អំពីការផ្ទុះនៅក្នុងទីក្រុង Lutsk ភាគពាយ័ព្យអ៊ុយក្រែន ហើយថាអគារអាផាតមិនមួយកន្លែងបានរងការខូចខាត ខណៈដែលពួកគេកំពុងពិនិត្យករណីស្លាប់ ឬរបួស។ យោធាអ៊ុយក្រែននិយាយថា រុស្ស៉ីបានបើកការវាយប្រហារដោយដ្រូនចំនួនពីរលើក នៅព្រឹកថ្ងៃចន្ទ ដោយព័ត៌មានដំបូង មិនមានការខូចខាត ឬអ្នកស្លាប់ទេ។ តាមលោក Serhiy Popko ប្រធានរដ្ឋបាលយោធាក្រុងកៀវ ដ្រូន ១០គ្រឿងត្រូវបានបំផ្លាញ នៅពេលចូលក្បែរតំបន់ជុំវិញទីក្រុងកៀវ។

គួរបញ្ជាក់ថា អ៊ុយក្រែនខ្លួនឯង បានបង្កើនការវាយប្រហារដោយដ្រូនរយៈចម្ងាយឆ្ងាយ ទៅលើទឹកដីរុស្ស៉ី ដើម្បីព្យាយាមវាយបកនឹងសង្រ្គាមឈ្លានពាន ចាប់តាំងខែកុម្ភៈ ឆ្នាំ ២០២២៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: