ព័ត៌មានអន្តរជាតិ August 27, 2024

រុស្ស៉ី បន្តការបាញ់ស្រោចមីស៉ីល និងដ្រូន មកលើអ៊ុយក្រែន​ ចូលដល់ថ្ងៃទី ២

Liny Chan

(កៀវ)៖ យោធាអ៊ុយក្រែន បានឱ្យដឹងថា នៅថ្ងៃអង្គារ ទី២៧ ខែសីហានេះ រុស្ស៉ីបានបន្តការវាយប្រហារទ្រង់ទ្រាយធំ មកលើតំបន់មួយចំនួនរបស់អ៊ុយក្រែន ដោយប្រើមីស៉ីល និងយន្តហោះដ្រូន បណ្តាលឱ្យមនុស្ស ៤នាក់ស្លាប់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រុមមន្រ្តីក្នុងតំបន់និយាយថា មនុស្ស ២នាក់ត្រូវបានសម្លាប់ នៅពេលដែលការវាយប្រហារត្រូវចំសណ្ឋាគារមួយ នៅកណ្តាលទីក្រុង Kryvyi Rih។ រីឯ ២នាក់ទៀតបានស្លាប់ក្នុងការវាយប្រហារដោយដ្រូន នៅក្នុងទីក្រុងនៃតំបន់ Zaporizhzhia ភាគខាងកើតទីក្រុង Kryvyi Rih។ ប្រធានរដ្ឋបាលយោធាក្រុង បានឱ្យដឹងថា ប្រព័ន្ធការពារដែនអាកាស របស់ទីក្រុងកៀវ ត្រូវបានដាក់ពង្រាយ ដើម្បីទប់ស្កាត់ការវាយប្រហារពេញមួយយប់ ដោយមីស៉ីល និងដ្រូនដែលកំណត់គោលដៅ ឆ្ពោះមកកាន់រដ្ឋធានីរបស់អ៊ុយក្រែន។

សាក្សីរបស់ Reuters ក៏បានរាយការណ៍អំពី ការផ្ទុះ ៣លើកនៅក្នុងទីក្រុងកៀវផងដែរ កាលពីយប់មិញ។ ទំហំនៃការវាយប្រហារ នៅថ្ងៃអង្គារ ក៏ដូចជាផលប៉ះពាល់នៅមិនទាន់ដឹងទេ ប៉ុន្តែកងកម្លាំងអាកាសរបស់អ៊ុយក្រែនថា ពួកគេបានកត់ត្រាពីការបាញ់ដ្រូន ជាច្រើនក្រុម ហើយថាប្រតិបត្តិការទាំងនោះ ធ្វើឡើងចេញពីព្រលានយន្តហោះ ដែលផ្ទុកយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-85 និងយន្តហោះល្បឿនលឿនជាងសំលេង MiG-31។ Reuters មិនអាចផ្ទៀងផ្ទាត់របាយការណ៍នេះបានដោយឯករាជ្យទេ ព្រោះមិនទាន់មានការអត្ថាធិប្បាយពីសំណាក់ភាគីរុស្ស៉ី។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ រុស្ស៉ីបានបាញ់មីស៉ីល និងដ្រូនជាង ២០០ បណ្តាលឱ្យមនុស្ស ៧នាក់ស្លាប់ និងបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធថាមពល។ តាមវិមានក្រឹមឡាំង វាគឺជាការឆ្លើយតបចំពោះសកម្មភាពយោធាអ៊ុយក្រែន នៅតំបន់ Kursk របស់រុស្ស៉ី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News