ក្រុមហ៊ុន CIC Partners ចេញលិខិតបដិសេធ យ៉ាងដាច់អហង្ការ និងច្រានចោលទាំងស្រុង នូវព័ត៌មានមិនពិត របស់សារព័ត៌មានបរទេស បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនលោក គុយ វ៉ាត
(ភ្នំពេញ)៖ គណៈកម្មការស្តារក្រុមហ៊ុន និងមូលនិធិ នៃក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (ស៊ីអាយស៊ី ផាតនើរ) សូមបដិសេធយ៉ាងដាច់អហង្ការ និងច្រានចោលទាំងស្រុង នូវព័ត៌មានមិនពិត និងគ្មានមូលដ្ឋានរបស់សារព័ត៌មានបរទេសមួយ ទាក់ទងនឹងក្រុមហ៊ុន តាមការចុះផ្សាយវីដេអូមួយ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២៤។

នៅក្នុងវីដេអូនោះ សារព័ត៌មានបរទេសនោះ បានស្រង់សម្ដីអ្នកវិភាគម្នាក់ថា លោកជំទាវ ពេជ្រ ចន្ទមុនី្ន មានជាប់ពាក់ព័ន្ធនឹងលោក គុយ វ៉ាត អតីតប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនស៊ីអាយស៊ី ផាតនើរ ដោយព្យាយាមផ្សាភ្ជាប់សមាជិកគ្រួសារថ្នាក់ដឹកនាំទៅនឹងករណីផ្សេងៗ ដូចជាករណីលោក គុយ វ៉ាត ជាដើម បើទោះបីជា លោកជំទាវ និងលោក គុយ វ៉ាតមិនដែលស្គាល់គ្នា និងមិនដែលជួបគ្នាសូម្បីតែមួយដង។
គណៈកម្មការស្តារក្រុមហ៊ុន និងមូលនិធិ នៃក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក បានបញ្ជាក់ថា «យើងខ្ញុំយល់ឃើញថា ការភ្ជាប់សមាជិកគ្រួសារថ្នាក់ដឹកនាំ និងក្រុមហ៊ុន ឬព្រឹត្តិការណ៍ផ្សេងៗ ដោយមិនមានមូលដ្ឋានជាក់លាក់ នេះជាទង្វើគ្មានសីលធម៌ គ្មានក្រមសីលធម៌វិជ្ជាជីវៈជាអ្នកវិភាគ និងជាអ្នកសារព័ត៌មាននោះទេ»។
ទន្ទឹមនឹងនេះ សារព័ត៌មាននោះ ក៏បានចុះផ្សាយផងដែរថា លោក សុខ ពិសិដ្ឋ ជាសមាជិកក្រុមប្រឹក្សា ភិបាលចាស់របស់ក្រុមហ៊ុនស៊ីអាយស៊ី ផាតនើរ ដែលនេះជាការចុះផ្សាយមិនពិត និងខ្វះការស្រាវជ្រាវ។ ក្រុមហ៊ុន សូមបញ្ជាក់ថា មុនពេលកើតមានវិបត្តិសន្ទនីយភាពសាច់ប្រាក់របស់ក្រុមហ៊ុន លោក សុខ ពិសិដ្ឋ មិនមានតំណែងណាមួយក្នុងគណៈប្រតិបត្តិ ឫក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ស៊ីអាយស៊ី ផាតនើរ នោះទេ។
លោកត្រូវបានតែងតាំងជាប្រធានគណៈកម្មការស្តារក្រុមហ៊ុន និងមូលនិធិ របស់ក្រុមហ៊ុន ចាប់ពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ក្រោមការទទួលស្គាល់ពីនិយ័តករមូលបត្រកម្ពុជា ដើម្បីអនុវត្តភារកិច្ចជំនួសក្រុមប្រឹក្សាភិបាលចាស់ ក្នុងកិច្ចការដោះស្រាយបញ្ហាដែលក្រុមហ៊ុនកំពុងប្រឈម និងស្តារក្រុមហ៊ុន និងមូលនិធិឡើងវិញ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទំនាក់ទំនងឬតាមរយៈតេឡេក្រាម +855 77 870 056 ឬអ៊ីម៉ែល info@cic-capitalpartners.com.kh។ អាស្រ័យហេតុនេះ សូមសាធារណជន វិនិយោគិន និងអ្នកសារព័ត៌មាន មេត្តាជ្រាបជាព័ត៌មាន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
