Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

សេតវិមាន៖ សហរដ្ឋអាមេរិក នឹងការពារអ៉ីស្រាអែល ករណីរងការវាយប្រហារពីអ៉ីរ៉ង់

BY Liny Chan August 28, 2024
សេតវិមាន៖ សហរដ្ឋអាមេរិក នឹងការពារអ៉ីស្រាអែល ករណីរងការវាយប្រហារពីអ៉ីរ៉ង់

(វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យទីប្រឹក្សាសន្តិសុខជាតិនៃសេតវិមាន លោក John Kirby បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា សហរដ្ឋអាមេរិកនៅតែរក្សាការប្តេជ្ញាចិត្ត ដើម្បីការពារអ៉ីស្រាអែល ក្នុងករណីដែលរងការវាយប្រហារណាមួយពីអ៉ីរ៉ង់ ហើយនៅតែមានក្តីសង្ឃឹមចំពោះលទ្ធភាពនៃការសម្រេចបាន នូវកិច្ចព្រមព្រៀងបទឈប់បាញ់សម្រាប់តំបន់ហ្កាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ ២០២៤។

លោក Kirby បានប្រាប់ប៉ុស្តទូរទស្សន៍ Channel 12 របស់អ៉ីស្រាអែលថា វាពិបាកក្នុងព្យាករអំពីពេលវេលានៃការវាយប្រហារមួយ ប៉ុន្តែសេតវិមានយកចិត្តទុកដាក់ខ្លាំងចំពោះសេចក្តីថ្លែងការណ៍របស់អ៉ីរ៉ង់។ លោកគូសបញ្ជាក់ថា «យើងជឿថា ពួកគេនៅអាច និង​ត្រៀមខ្លួន​ដើម្បី​បើក​ការវាយប្រហារ ប្រសិនបើ​ពួកគេ​ចង់​ ហើយវា​ជា​មូលហេតុ​ដែល​យើង​ត្រូវពង្រឹង​កងកម្លាំង​ ​នៅក្នុង​តំបន់។ សាររបស់យើងទៅកាន់អ៉ីរ៉ង់នោះគឺ ទី ១ វាគ្មានហេតុផលអ្វីត្រូវបង្កើនភាពតានតឹង និងធ្វើឱ្យជម្លោះរាលដាលចេញពីតំបន់នោះទេ។ ទី ២ យើងកំពុងត្រៀមលក្ខខណៈដើម្បីការពារអ៉ីស្រាអែល ប្រសិនបើមានការវាយប្រហារមែននោះ»។

គួរបញ្ជាក់ថា អ៉ីរ៉ង់ បានប្តេជ្ញាសងសឹកចំពោះការធ្វើឃាតមេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស នៅក្នុងទីក្រុងតេហេរ៉ង់ កាលពីខែកក្កដា ដោយចោទប្រកាន់ថាជាស្នាដៃរបស់អ៉ីស្រាអែល ទោះជាអ៉ីស្រាអែល មិនបានបដិសេធ ឬទទួលស្គាល់ក្តី។ សហរដ្ឋអាមេរិក កំពុងរក្សាវត្តមានកងនាវាចម្បាំង ២ក្រុម នៅតំបន់មជ្ឈិមបូព៌ា ក៏ដូចជាវត្តមាននៃកងយន្តហោះចម្បាំង F-22 ផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: