ព័ត៌មានអន្តរជាតិ August 29, 2024

អ្នកវិភាគព្យាករណ៍ថា! iPhone 16 នឹងក្លាយជាផលិតនាំសំណាងសម្រាប់ Apple អាចទាញចំណូលខ្ទង់ ៤០០ពាន់លានដុល្លារក្នុងឆ្នាំ២០២៤

Liny Chan

(បរទេស)៖ ប្រិយមិត្តប្រាកដជាជ្រាបច្បាស់រួចមកហើយថាក្រុមហ៊ុន Apple នឹងរៀបចំមហាព្រឹត្តិការណ៍ប្រកាសចេញ​ត្រកូល iPhone 16 នៅថ្ងៃទី០៩ ខែកញ្ញាខាងមុខនេះ ពោលគឺនៅសស់តែជាង ១០ថ្ងៃទៀតតែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ Apple ត្រូវ​បាន​គេ​ព្យាករ​ណ៍ថា​នឹង​សម្រេច​បាន​ប្រាក់​ចំណូល​លើស​ពី ៤០០ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២៤ ដែល​ភាគ​ច្រើន​ត្រូវ​បាន​ជំរុញ​ដោយ​ការ​រំពឹង​ទុក​នៃ​ការ​ចេញ​លក់​ស៊េរី iPhone 16 និង​ផលិតផល​ថ្មី​ផ្សេង​ទៀត។ នេះបើយោងតាមការចេញផ្សាយដោយ Apple Insider នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។

តាមការប៉ាន់ប្រមាណនៅពេលដែល Apple ចាប់ផ្តើមដំណើរការជាលើកដំបូងក្នុងឆ្នាំ១៩៧៧ ប្រាក់ចំណូលសម្រាប់ឆ្នាំដំបូងរបស់ខ្លួនគឺមានប្រហែល ៧៧៥,០០០ដុល្លារប៉ុណ្ណោះ។ ប៉ុន្តែជិត ៥០ឆ្នាំក្រោយមក លទ្ធផលហិរញ្ញវត្ថុផ្លូវការចុងក្រោយរបស់ក្រុមហ៊ុនយក្សនេះ បានបង្ហាញថាខ្លួនរកបានរហូតដល់ ៨៤.៧៨ ពាន់លានដុល្លារក្នុងត្រីមាសទី៣ នៃឆ្នាំ២០២៤។

យ៉ាងណាមិញ សម្រាប់ឆ្នាំ២០២៤ ទាំងមូល បើយោងតាមក្រុមហ៊ុនស្រាវជ្រាវ Counterpoint Research ឥឡូវនេះក្រុមហ៊ុន Apple ទំនងជាអាចរកប្រាក់ចំណូលបានច្រើនជាង ៤០០ពាន់លានដុល្លារ។ តាមរយៈការព្យាករណ៍ពីការកើនឡើងនេះ គឺបន្ទាប់ពី Apple បានជួបវិបត្តិធ្លាក់ចុះប្រាក់ចំណូលក្នុងឆ្នាំ២០២៣ ហើយការកើនឡើងថ្មីនេះ ត្រូវបានកំណត់លក្ខណៈសម្បត្តិមិនត្រឹមតែ iPhone ប៉ុណ្ណោះទេ ប៉ុន្តែក្នុងនោះក៏ត្រូវបានចូលរួមយ៉ាងសំខាន់ដោយផ្នែក Hardware និងសេវាកម្មរបស់ Apple ទាំងអស់ផងដែរ។

គួរជម្រាបថា របាយការណ៍ពី Counterpoint Research ដដែលបានប៉ាន់ប្រមាណថា ផ្នែកសេវាកម្ម ឬ Apple Service នឹងរីកចម្រើនខ្លាំងនៅក្នុងឆ្នាំ២០២៥​ ដោយគិតតែផ្នែកនេះ នឹងអាចទាញចំណូលបានលើសពី ១០០ពាន់លានដុល្លារនៅក្នុងប្រាក់ចំណូលជាលើកដំបូង។ នោះមានន័យថា ផ្នែកសេវាកម្មនឹងអាចរកចំណូលបានច្រើនជាង Hardware ទាំងអស់របស់ Apple ដោយមិនរាប់បញ្ចូល iPhone ។ Conterpoint បានគូសបញ្ជាក់ថា Apple នឹងរកចំណូលដោយផ្ទាល់ពី​ Apple Intelligence បានចន្លោះពី ១០ ទៅ ១៥ភាគរយ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News