ព័ត៌មានជាតិ August 30, 2024

កម្ពុជា-កូរ៉េ ដាក់ឲ្យដំណើរការជាផ្លូវការ គម្រោងទូទាត់ឆ្លងដែនតាម QR Code

Liny Chan

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងធនាគារភ្នំពេញពាណិជ្ជ ម.ក បានដាក់ដំណើរការជាផ្លូវការ គម្រោងទូទាត់ឆ្លងដែនតាម QR Code ដំណាក់កាលទី១ ដែលអនុញ្ញាតឲ្យភ្ញៀវទេសចរមកពីសាធារណរដ្ឋកូរ៉េ ប្រើប្រាស់កម្មវិធីធនាគារចល័តរបស់ធនាគារ Jeonbuk ដើម្បីទូទាត់ផ្ទាល់នៅតាមហាងទំនិញដែលមានស្លាកសញ្ញា KHQR Code គណនីប្រាក់រៀល។

ការដាក់ឲ្យដំណើរការជាផ្លូវការ គម្រោងទូទាត់ឆ្លងដែនរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ នេះធ្វើឡើងក្រោមការចូលរួមលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក KIM Tae Hyun នាយកប្រតិបត្តិរងនៃធនាគារ Jeonbuk ព្រមទាំងលោក LEE Jin Young នាយកប្រតិបត្តិនៃធនាគារភ្នំពេញ ពាណិជ្ជ ម.ក នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។

លោកស្រីបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា ព្រឹត្តិការណ៍នាថ្ងៃនេះ ជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ធនាគារជាតិនៃកម្ពុជា ក្នុងការបើកច្រករបៀងថ្មី នៃការទូទាត់សងប្រាក់ឆ្លងដែនតាម QR Code រវាងសាធារណរដ្ឋកូរ៉េ និងកម្ពុជា។

លោកស្រីបណ្ឌិតបានថ្លែងថា «ការណ៍នេះនឹងជំរុញឱ្យប្រទេសទាំងពីរ ឈានដល់កម្រិតមួយ នៃកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីផ្តល់ជាប្រយោជន៍ ដល់ប្រជាជននៃប្រទេសទាំងពីរ។ ការដាក់ឱ្យដំណើរការគម្រោងទូទាត់ឆ្លងដែននេះ ក៏នឹងរួមចំណែកសំខាន់ ក្នុងការលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម ជំរុញកំណើនទេសចរ និងគាំទ្របរិយាបន្ន ហិរញ្ញវត្ថុនៅកម្ពុជាផងដែរ»។

លោក KIM Tae Hyun បានថ្លែងឲ្យដឹងថា «ការដាក់ឱ្យប្រើប្រាស់សេវាទូទាត់ឆ្លងដែន តាម QR Code នេះជាការវិវឌ្ឍថ្មីមួយ សម្រាប់ធនាគារពាណិជ្ជ ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារ Jeonbuk ក្នុងការដើរតួនាទីជាស្ពានតភ្ជាប់ប្រតិបត្តិការហិរញ្ញវត្ថុ រវាងសាធារណរដ្ឋកូរ៉េ និងកម្ពុជា
តាមរយៈប្រព័ន្ធបាគង»

លោកបា នបន្ដថា កិច្ចសហការនេះនឹងផ្តល់លទ្ធភាព ដល់ភ្ញៀវទេសចរមកពីសាធារណរដ្ឋកូរ៉េ អាចទូទាត់ប្រាក់រៀលខ្មែរ បានយ៉ាងងាយស្រួល ដោយមិនចាំបាច់ពិបាកប្តូររូបិយប័ណ្ណនោះទេ លើសពីនេះកិច្ចសហការនេះ ក៏នឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជាផងដែរ។

សូមជម្រាបថា ធនាគារជាតិនៃកម្ពុជាបានដាក់ឲ្យដំណើរការ ការទូទាត់ឆ្លងដែនតាមប្រព័ន្ធ QR Code ជាមួយប្រទេសថៃប្រកបដោយភាពជោគជ័យ ទាំងទូទាត់នៅក្នុងប្រទេសថៃ និងការទូទាត់នៅកម្ពុជា បន្ដបន្ទាប់ទៅទៀតកម្ពុជានឹងសហការជាមួយប្រទេសឡាវ, ឥណ្ឌា ចិន វៀតណាមផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News