ព័ត៌មានអន្តរជាតិ August 30, 2024

សាលារៀនក្នុងរដ្ឋ Karachi ប្រទេសប៉ាគីស្ថាន ត្រូវបិទបណ្តោះអាសន្ន ដោយសារព្យុះស៉ីក្លូន

Liny Chan

(អ៉ីស្លាម៉ាបាដ)៖ ភ្លៀងខ្លាំង ​និងខ្យល់ព្យុះ បង្ខំឱ្យអាជ្ញាធរនៅក្នុងរដ្ឋធំជាងគេរបស់ប្រទេសប៉ាគីស្ថាន គឺរដ្ឋ Karachi បិទសាលារៀននានា នៅថ្ងៃសុក្រនេះ បន្ទាប់ពីមានប្រព័ន្ធសម្ពាធទាប​នៅ​សមុទ្រ​អារ៉ាប់ អាច​វិវត្តទៅ​ជា​ព្យុះ​ស៉ីក្លូន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ ២០២៤។

ការិយាល័យឧតុនិយមតំបន់ បានឱ្យដឹងថា ផ្នែកខ្លះនៃរដ្ឋ Karachi ទទួលរងភ្លៀងធ្លាក់កម្រិត ១៤៧មីលីម៉ែត្រ ហើយអ្នកស្រុកនៅក្នុងទីក្រុងធំ Murtaza Wahab ត្រូវបានណែនាំឱ្យចៀសវាងការធ្វើដំណើរ ដែលមិនចាំបាច់។ តាមការិយាល័យឧតុនិយមឥណ្ឌា ប្រព័ន្ធសម្ពាធទាប ដែលស្ថិតនៅលើតំបន់ Rann of Kutch នៃរដ្ឋ Gujarat អាចវិវត្តទៅជាព្យុះស៉ីក្លូន នៅថ្ងៃសុក្រនេះ ហើយផ្លាស់ទីទៅ ភាគពាយព្យលើសមុទ្រអារ៉ាប់ ក្នុងរយៈពេលពីរថ្ងៃបន្ទាប់។ អាជ្ញាធរក្នុងប្រទេសប៉ាគីស្ថាន បានស្នើដល់អ្នកនេសាទ និងនាវិកកុំឱ្យចេញដំណើរទៅកាន់សមុទ្រ ហើយព្រមានថា ព្យុះទំនងជាបណ្តាលឱ្យមានទឹកជំនន់ នៅក្នុងទីក្រុងនានា ក៏ដូចជាទឹកជំនន់ភ្លាមៗនៅតំបន់ភ្នំ នាប៉ុន្មានថ្ងៃខាងមុខ។

គួរបញ្ជាក់ថា អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា មនុស្សប្រមាណ ២៨នាក់បានស្លាប់ និងប្រហែល ១៨,០០០នាក់ត្រូវបានជម្លៀស ចាប់តាំងពីថ្ងៃអាទិត្យ ចេញពីទីក្រុងនានាក្បែរឆ្នេរសមុទ្ររដ្ឋ Gujarat នៃប្រទេសឥណ្ឌា ខណៈដែលមានការរំពឹងទុកថា ភ្លៀងនឹងធ្លាក់កាន់តែច្រើនក្នុងរដ្ឋមួយនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News