Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល អំពាវនាវឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់ ដើម្បីនាំចំណាប់ខ្មាំង មកផ្ទះវិញ

BY Liny Chan September 2, 2024
រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល អំពាវនាវឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់ ដើម្បីនាំចំណាប់ខ្មាំង មកផ្ទះវិញ

(ហ្ស៊េរុយសាឡិម)៖ រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant បានជំរុញឱ្យនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ចុះកិច្ចព្រមព្រៀងបទឈប់បាញ់មួយ ជាមួយ ក្រុមហាម៉ាស ដើម្បីនាំចំណាប់ខ្មាំងនៅសេសសល់ចេញពីតំបន់ហ្កាហ្សា ត្រឡប់មកពីផ្ទះវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

FILE PHOTO: Israeli prime minister Benjamin Netanyahu and defense minister Yoav Gallant during a press conference in the Kirya military base in Tel Aviv, Israel, 28 October 2023. ABIR SULTAN POOL/Pool via REUTERS/File Photo

ការអំពាវនាវរបស់លោក Yoav Gallant ធ្វើឡើងនៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនង X កាលពីថ្ងៃអាទិត្យ ទី១ ខែកញ្ញា និងបន្ទាប់ពីយោធាអ៉ីស្រាអែលបានរកឃើញ សាកសពចំណាប់ខ្មាំង ៦នាក់ នៅភាគខាងត្បូងតំបន់ហ្កាហ្សា ក្នុងថ្ងៃដដែលនោះ។ លោក Gallant បានគូសបញ្ជាក់ដូច្នេះថា «វាយឺតពេលណាស់ទៅហើយសម្រាប់ចំណាប់ខ្មាំងដែល ត្រូវបានសម្លាប់យ៉ាងឃោរឃៅ។ ចំណាប់ខ្មាំងដែលនៅសេសសល់កំពុងស្ថិតនៅក្នុងកណ្ដាប់ដៃក្រុមហាម៉ាស ត្រូវតែនាំពួកគេត្រឡប់មកផ្ទះវិញ»។

លោករដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល បានបន្តទៀតថាគណៈរដ្ឋមន្ត្រីអ៉ីស្រាអែលត្រូវតែកោះប្រជុំភ្លាមៗ ហើយកែប្រែការសម្រេចចិត្តដែលត្រូវបានធ្វើឡើង កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ជុំវិញរក្សាទុកកងទ័ពអ៉ីស្រាអែលឱ្យឈរជើងនៅច្រករបៀង Philadelphi ស្ថិតនៅភាគខាងត្បូងនៃតំបន់ហ្កាហ្សា ដែលជាចំណុចខ្ទាស់ដ៏ធំមួយរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស នៅក្នុងកិច្ចចរចា។ លោក Netanyahu បានទទូចថាការរក្សាវត្តកងទ័ពអ៉ីស្រាអែលនៅច្រករបៀង Philadelphi គឺមានគោលដៅទប់ស្កាត់កុំឱ្យក្រុមហាម៉ាសរត់ពន្ធអាវុធចេញពីអេហ្ស៉ីប។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យនោះដែរ លោក Netanyahu បាននិយាយថាអ៉ីស្រាអែលមានការប្ដេជ្ញាចិត្តចំពោះការចុះកិច្ចព្រមព្រៀងបទឈប់បាញ់។ ប៉ុន្តែ លោកបានបន្ទោសហាម៉ាស ថាបានបដិសេធទទួលយកសំណើមួយចំនួនដែលបានព្រមព្រៀងគ្នាជាមួយសហរដ្ឋអាមេរិក ហើយថាការស្លាប់របស់ចំណាប់ខ្មាំង ៦នាក់ខាងលើ បានបង្ហាញថាហាម៉ាសមិនមានចេតនា បញ្ឈប់ការប្រយុទ្ធគ្នានោះទេ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: