ទីបំផុត Alibaba សម្រេចដាក់បញ្ចូលការទូទាត់ប្រាក់តាមរយៈ WeChat នៅលើ Taobao និង Tmall ជាផ្លូវការ
(បរទេស)៖ Taobao និង Tmall ដែលជា Platform លក់ទំនិញក្នុងស្រុកដ៏ធំរបស់ចិន និងជាកម្មសិទ្ធិរបស់ Alibaba នៅពេលនេះបានប្រកាសទទួលយកការទូទាត់ប្រាក់តាមរយៈ WeChat របស់ក្រុមហ៊ុន Tencent។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៤។
Alibaba ដែលមានលោក Jack Ma ជាមេធំ កន្លងមកបានប្រើប្រាស់កម្មវិធី និងសេវាកម្មទូទាត់ប្រាក់នៅលើ Platform លក់ទំនិញរបស់ខ្លួនតាមរយៈ Alipay របស់ក្រុមហ៊ុន Ant Group ដែលជាបុត្រសម្ព័ន្ធរបស់ខ្លួន និងមិនទទួលយកការទូទាត់ប្រាក់តាមរយៈ WeChat ឡើយ ខណៈដែល Tencent ក៏ជាក្រុមហ៊ុនមួយដែលបានជះលុយយ៉ាងច្រើនសន្ធឹកសន្ធាប់វិនិយោគទៅលើក្រុមហ៊ុនលក់ទំនិញអនឡាញក្នុងស្រុកដូចជា JD.com និង Pinduoduo។
យោងតាមសេចក្តីប្រកាសរបស់ Alibaba បានឲ្យដឹងថា ឆាប់ៗនេះ នៅលើ Taobao និង Tmall នឹងមានជម្រើសទូទាត់ប្រាក់ តាមរយៈ WeChat បន្ថែមពីលើ Alipay ប៉ុន្តែមិនបានបញ្ជាក់លម្អិតពីប្រតិបត្តិការឡើយ។
គួរបញ្ជាក់ផងដែរថា Alibaba និង Tencent គឺជាក្រុមហ៊ុនបច្ចេកវិទ្យា និងកម្សាន្តយក្សរបស់ចិន ហើយក៏ជាគូប្រជែងគ្នាដ៏ខ្លាំងផងដែរ ប៉ុន្តែប៉ុន្មានឆ្នាំចុងនេះ រដ្ឋាភិបាលចិន បានជម្រុញឲ្យក្រុមហ៊ុនក្នុងស្រុកសហការគ្នា ពង្រីកឥទ្ធិពលក្នុងស្រុក និងទប់ស្កាត់ឥទ្ធិពលពីខាងក្រៅ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News