ព័ត៌មានអន្តរជាតិ September 8, 2024

ក្រុមហ៊ុន Toyota កាត់បន្ថយផែនការផលិតកម្មរថយន្តអគ្គិសនីពិភពលោក

Liny Chan

(តូក្យូ)៖ ក្រុមហ៊ុនផលិតរថយន្ត Toyota Motor របស់ប្រទេសជប៉ុន បានកាត់បន្ថយផែនការផលិតកម្មរថយន្តអគ្គិសនីរបស់ខ្លួន សម្រាប់ឆ្នាំ២០២៦ ចំនួនមួយភាគបី ដែលបានក្លាយជាក្រុមហ៊ុនផលិតរថយន្តចុងក្រោយគេ ដែលដកថយផែនការរថយន្តអគ្គិសនីវិញ ខណៈដែលសន្ទុះការលក់រថយន្តថាមពលថ្មីនេះធ្លាក់ចុះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តធំបំផុត របស់ពិភពលោក Toyota ឥឡូវនេះគ្រោងនឹងផលិតរថយន្តអគ្គិសនីត្រឹមតែ ១លានគ្រឿងប៉ុណ្ណោះនៅឆ្នាំ២០២៦ ធៀបនឹងទិសដៅលក់ ដែលបានប្រកាសកន្លងមករបស់ក្រុមហ៊ុនចំនួន ១,៥លានគ្រឿង។

ការផលិតរថយន្តអគ្គិសនីចំនួន ១លានគ្រឿងក្នុងមួយឆ្នាំ បង្ហាញពីការងារប្រកបដោយមហិច្ឆតា សម្រាប់ក្រុមហ៊ុនតូយ៉ូតា ដែលបានខិតខំប្រឹងប្រែងកាន់តែខ្លាំងក្នុងការអភិវឌ្ឍរថយន្តកូនកាត់ និងលក់រថយន្តអគ្គិសនីបានត្រឹមតែ ១០៤ ០០០គ្រឿងប៉ុណ្ណោះកាលពីឆ្នាំមុន។ បច្ចុប្បន្ន រថយន្តអគ្គិសនីមានប្រហែល ១ ភាគរយប៉ុណ្ណោះនៃការលក់រថយន្ត នៅទូទាំងពិភពលោករបស់ខ្លួន។

នៅដើមខែកញ្ញានេះ ក្រុមហ៊ុនផលិតរថយន្ត Volvo Cars របស់ប្រទេសស៊ុយអែតបានលុបចោលទិសដៅរបស់ខ្លួន ក្នុងការផលិតរថយន្តអគ្គិសនីទាំងអស់ នៅឆ្នាំ២០៣០ ដោយនិយាយថា ក្រុមហ៊ុនរំពឹងថានឹងនៅតែផ្តល់ជូនរថយន្តកូនកាត់ម៉ូដែលមួយចំនួន ក្នុងអំឡុងពេលនោះ។

នៅសហរដ្ឋអាមេរិក ក្រុមហ៊ុន Ford ក្រុមហ៊ុន General Motors និងក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតបានពន្យារពេល ឬលុបចោលម៉ូដែលអគ្គិសនីថ្មីៗ ដើម្បីជៀសវាងការចំណាយច្រើនលើរថយន្ត ដែលអ្នកប្រើប្រាស់មិនទិញលឿនដូចការរំពឹងទុក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News