Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ស្មាតហ្វូនអេក្រង់បត់ ៣តង់របស់ Huawei កំពុងក្លាយជាគូប្រជែងដ៏ខ្លាំងរបស់ iPhone 16 ក្នុងប្រទេសចិន

BY Liny Chan September 10, 2024
ស្មាតហ្វូនអេក្រង់បត់ ៣តង់របស់ Huawei កំពុងក្លាយជាគូប្រជែងដ៏ខ្លាំងរបស់ iPhone 16 ក្នុងប្រទេសចិន

(បរទេស)៖ ក្រុមហ៊ុន Huawei Technologies របស់ប្រទេសចិន បានប្រកាសបង្ហាញទូរស័ព្ទអេក្រង់បត់ ៣តង់ដំបូងបំផុតរបស់ខ្លួននៅថ្ងៃអង្គារសប្តាហ៍នេះ ហើយត្រូវបានគេមើលឃើញថា ស្មាតហ្វូននេះកំពុងក្លាយជាគូប្រជែងដ៏សំខាន់របស់ក្រុមហ៊ុន Apple ក្នុងទីផ្សារប្រទេសចិន ត្បតិស្មាតហ្វូនរបស់ក្រុមហ៊ុនទាំងពីរនេះ បានចេញមកក្នុងពេលដំណាលគ្នា និងមានលក្ខណៈពិសេសរៀងៗខ្លួន។

បើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters បានឲ្យដឹងថា ប៉ុន្មានម៉ោងបន្ទាប់ពីក្រុមហ៊ុន Apple បានបង្ហាញទូរស័ព្ទ iPhone ម៉ូដែលចុងក្រោយរបស់ខ្លួន គឺត្រកូល iPhone 16 នោះ ក្រុមហ៊ុន Huawei ក៏កំពុងរៀបចំព្រឹត្តិការណ៍សម្ពោធស្មាតហ្វូនរាងអក្សរ Z (អេក្រង់បត់៣តង់) ថ្មីម៉ូដែល Mate XT ផងដែរ ដែលត្រូវបានដាក់បង្ហាញនៅលើហាងលក់ទំនិញអនឡាញនៅក្នុងប្រទេសចិន។ គេហទំព័ររបស់ក្រុមហ៊ុន Huawei ក៏បានបញ្ជាក់ថា ស្មាតហ្វូនថ្មីរបស់ខ្លួនទទួលបានការបញ្ជាទិញជាមុន (Pre-Order) ជាង ៣.៣ លានគ្រឿងឯណោះ ហើយក៏មិនចាំបាច់មានប្រាក់កក់ផងដែរ។ យោងតាមក្រុមហ៊ុនស្រាវជ្រាវ IDC បានឱ្យដឹងថា តាមការប្រៀបធៀបទីផ្សារពិភពលោកទាំងមូលសម្រាប់ទូរស័ព្ទដែលអាចបត់បាន គឺមានប្រហែល ៤លានគ្រឿងនៅក្នុងត្រីមាសទីពីរ។

ការចេញលក់ចុងក្រោយបំផុត ដែលធ្វើឡើងបន្ទាប់ពីចេញលក់ស្មាតហ្វូនជោគជ័យជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំមុនមកនោះ បានគូសបញ្ជាក់អំពីសមត្ថភាពរបស់ក្រុមហ៊ុន Huawei ក្នុងការរំដោះខ្លួនចេញពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងពង្រឹងជំហររបស់ខ្លួនប្រឆាំងនឹង Apple នៅក្នុងទីផ្សារប្រទេសចិន។ អ្នកវិភាគបាននិយាយថា កត្តាតម្លៃខ្ពស់ដ៏ធឹ និងចំនួនមានកំណត់ ទំនងជាធ្វើឱ្យម៉ូដែលថ្មីជាប្រភេទអេក្រង់បត់៣តង់នេះ ក្លាយជានិមិត្តសញ្ញានៃសមត្ថភាពបច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei ជាងការជំរុញផ្នែកលក់។

លោក Jene Park អ្នកវិភាគនៅក្រុមហ៊ុនស្រាវជ្រាវ Counterpoint បាននិយាយថា «ផលិតផល Huawei នាពេលខាងមុខ មិនត្រូវបានគេរំពឹងថានឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់អាជីវកម្មរបស់ Samsung និង Apple ទាក់ទងនឹងបរិមាណផលិតផលនោះទេ»។ លោកថា «វាមានដែនកំណត់ចំពោះបរិមាណនៃផលិតផលដែលបានផ្គត់ផ្គង់។ ទោះយ៉ាងណាក៏ដោយ វាអាចមានផលប៉ះពាល់ខ្លះដល់ការលក់នៅក្នុងទីផ្សារចិន»។

គួរជម្រាបថា ក្រុមហ៊ុន Huawei បានជាប់ចំណាត់ថ្នាក់ទី៤ ក្នុងការនាំចេញស្មាតហ្វូនទូទាំងពិភពលោក ជាមួយនឹងស្មាតហ្វូនចំនួន ១០.៦លានគ្រឿងត្រូវបាននាំចេញ នេះបើយោងតាម Canalys៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: