ព័ត៌មានអន្តរជាតិ September 11, 2024

មនុស្ស ៤នាក់បានបាត់បង់ជីវិត នៅភាគខាងជើងប្រទេសថៃ ដោយសារគ្រោះទឹកជំនន់ បង្កឡើងដោយឥទ្ធិពលព្យុះ Yagi

Liny Chan

(បាងកក)៖ រដ្ឋាភិបាលថៃ បានឱ្យដឹងនាថ្ងៃពុធនេះថា ទឹកជំនន់និងរអិលបាក់ដី ដែលបង្កឡើងដោយឥទ្ធិពលព្យុះទីហ្វុង Yagi បានផ្តាច់ជីវិតមនុស្ស៤នាក់ នៅភាគខាងជើងប្រទេស និងបង្កការជន់លិចលំនៅដ្ឋានរាប់ពាន់ខ្នង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤។

នាយករដ្ឋមន្រ្តីថៃ អ្នកស្រី Paetongtarn Shinawatra បាននិយាយថា ជំនួយកំពុងតែត្រូវបានដឹកជញ្ជូន ដើម្បីនាំយកទៅឱ្យ​ប្រជាជនប្រមាណ៩,០០០គ្រួសារ រងគ្រោះដោយសារទឹកជំនន់ ក្នុងខេត្ត Chiang Mai និង Chiang Rai នៅភាគខាងជើង។ វាគឺជាករណីមនុស្សស្លាប់ដំបូង ដែលពាក់ព័ន្ធជាមួយព្យុះ Yagi នៅប្រទេសថៃ។ ទន្ទឹមគ្នាដែរ អាជ្ញាធរឧតុនិយមថៃ បានព្រមាន​អំពីការបន្តធ្លាក់ភ្លៀងថែមទៀត រហូតដល់អំឡុងដើមសប្តាហ៍ក្រោយ។ សរុបមកវិញ មនុស្ស២៩នាក់ បានបាត់បង់ជីវិត ដោយសារ​គ្រោះមហន្តរាយធ្លាក់ភ្លៀងខ្លាំង គិតចាប់តាំងពីដើមរដូវភ្លៀង នៅក្នុងប្រទេសអាស៊ានមួយនេះ។

គួរបញ្ជាក់ថា នៅឯប្រទេសវៀតណាមឯណោះវិញ ចំនួនមនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់ និងរអិលបាក់ដី បង្កឡើងដោយ ព្យុះ Yagi គឺមកទល់ពេលនេះ បានបន្តកើនដល់១៤៣នាក់ ខណៈតំបន់ភាគខាងជើងវៀតណាម រួមមានទាំងរដ្ឋធានីហាណូយ ត្រូវបានព្រមានអំពីហានិភ័យ នៃគ្រោះទឹកជំនន់ធ្ងន់ធ្ងរបន្តទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News