ព័ត៌មានអន្តរជាតិ September 13, 2024

Taobao ឈរនៅលេខរៀងទី១លើ App Store សិង្ហបុរី ក្រោយអាប់ដេតឲ្យមានជាភាសាអង់គ្លេស

Liny Chan

(បរទេស)៖ កម្មវិធីទិញទំនិញតាមអនឡាញដ៏ពេញនិយម Taobao ដែលជាកម្មសិទ្ធរបស់ក្រុមហ៊ុន Alibaba នោះ ត្រូវបានរាយការណ៍មកថា ឈរនៅលំដាប់កំពូលលើ App Store ក្នុងប្រទេសសិង្ហបុរី មានអ្នកទាញយកច្រើនបំផុត បន្ទាប់ពីកម្មវិធីនេះបានអាប់ដេតឲ្យមានជាអង់គ្លេស ខណៈកន្លងទៅមានតែភាសាចិនប៉ុណ្ណោះ។

តាមការចេញផ្សាយដោយសារៈព័ត៌មាន CNBC នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថា Taobao បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១​នៅក្នុង App Store សិង្ហបុរី​ គិត​ត្រឹម​ថ្ងៃទី១១ ខែកញ្ញា ជា​ថ្ងៃ​ដែលកម្មវិធីនេះបានធ្វើ​កំណែ​ថ្មីឲ្យមានជា​ភាសា​អង់គ្លេស ​និងធ្វើឲ្យមានអ្នកប្រើប្រាស់ទាញយកកាន់តែច្រើន ត្បិតកាលមុនឈរនៅចំណាត់ថ្នាក់លេខ៥ ហើយពេលនេះលោតមកលេខ១តែម្តង។ ការធ្វើឲ្យមានជាភាសាអង់គ្លេសនេះ គឺដើម្បីសម្រួលដល់អ្នកប្រើប្រាស់ ដែលមិនមែនជាជនជាតិចិន ដោយពុំចាំបាច់ប្រើប្រាស់កម្មវិធីបកប្រែពីភាសាចិនមកអង់គ្លេសទៀតនោះទេ ហើយភាសាអង់គ្លេសដែលមានក្នុងកម្មវិធី Taobao នៅពេលនេះ គឺប្រើជំនួយពីបច្ចេកវិទ្យា AI ដែលក្រុមហ៊ុនអភិវឌ្ឈន៍ផ្ទាល់។

Alibaba ម្ចាស់កម្មវិធី Taobao បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃអង្គារថា ការអាប់ដេតថ្មីនេះ គូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ Taobao ក្នុងការបម្រើដល់អ្នកប្រើប្រាស់សិង្ហបុរីរបស់ខ្លួន ដែលបានបង្ហាញពីបំណងប្រាថ្នាចង់ឲ្យមានជាភាសាអង់គ្លេស….។ សិង្ហបុរី គឺជាទីផ្សារដំបូងដែល Taobao អាប់ដេតមានជាភាសាអង់គ្លេស បន្ទាប់មកប្រទេសម៉ាឡេស៊ី ខណៈនៅតាមបណ្តាប្រទេសផ្សេងទៀត Alibaba មិនបានបញ្ជាក់ឡើយថា នឹងមាននៅពេលណា។

គួរជម្រាបថា កម្មវិធីទិញទំនិញតាមអនឡាញ Taobao និង Tmall គឺជាប្រភពចំណូលដ៏ធំបំផុតរបស់ Alibaba រហូតមកដល់ពេលនេះ។ ប្រាក់ចំណូលរបស់ក្រុមហ៊ុន Taobao និង Tmall Group សម្រាប់ត្រីមាសដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា មានចំនួន ២៦.៥៥ពាន់លានយន់ (៣.៦៥ពាន់លានដុល្លារ) កើនឡើង ៦% ពីមួយឆ្នាំទៅមួយឆ្នាំ៕ ផ្ដល់សិទ្ធិដោយ​៖ Fresh News