Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ទទូចឱ្យពលរដ្ឋខ្លួនចាកចេញពីប្រទេសលីបង់ ទាន់ជើងហោះហើរពាណិជ្ជកម្មនៅធ្វើប្រតិបត្តិការ

BY Nisaiy KP September 22, 2024
សហរដ្ឋអាមេរិក ទទូចឱ្យពលរដ្ឋខ្លួនចាកចេញពីប្រទេសលីបង់ ទាន់ជើងហោះហើរពាណិជ្ជកម្មនៅធ្វើប្រតិបត្តិការ

(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានទទូចឱ្យពលរដ្ឋអាមេរិកទាំងឡាយ ដែលស្ថិតនៅលីបង់ គួរតែចាកចេញពីប្រទេសនេះ ទាន់នៅមានជម្រើសជើងហោះហើរពាណិជ្ជកម្ម ខណៈជម្លោះរវាងអ៉ីស្រាអែល និងក្រុម Hezbollah បានកើនឡើងកម្តៅខ្លាំង នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤។

ទីក្រុងវ៉ាស៉ីនតោន បាននិយាយដូច្នេះថា «ដោយសារតែភាពពិបាកប៉ាន់ស្មាន នៃជម្លោះរវាង Hezbollah និងអ៉ីស្រាអែល បូករួម​ជាមួយហេតុការណ៍ផ្ទុះនាពេលថ្មីៗនេះ នៅពេញប្រទេសលីបង់ ក្នុងនោះមានទាំងនៅរដ្ឋធានី Beirut ស្ថានទូតអាមេរិកសូមទទូច​ឱ្យពលរដ្ឋអាមេរិកទាំងឡាយ ចាកចេញពីលីបង់ ទាន់នៅមានជើងហោះហើរពាណិជ្ជកម្ម។ នាពេលនេះ ជើងហោះហើរពាណិជ្ជកម្ម គឺនៅមាន ប៉ុន្តែត្រូវបានកាត់បន្ថយចំនួន។ ប្រសិនបើស្ថានការណ៍សន្តិសុខកាន់តែអាក្រក់ នោះអាចនឹងលែងមានជម្រើសចាកចេញ តាមរយៈជើងហោះហើរពាណិជ្ជកម្ម តែម្តង»

កាលពីចុងខែកក្កដា អាមេរិកក៏បានដំឡើងការប្រកាសអាសន្ន ដល់កម្រិតខ្ពស់បំផុតផងដែរ ពាក់ព័ន្ធការធ្វើដំណើរទៅកាន់លីបង់ និងពលរដ្ឋខ្លួនដែលស្ថិតនៅទីនោះ បន្ទាប់ពីការវាយប្រហារមួយរបស់អ៉ីស្រាអែល នៅភាគខាងត្បូងទីក្រុង Beirut បានសម្លាប់​មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ Hezbollah។ រីឯកាលពីថ្ងៃសុក្រសប្តាហ៍នេះ អ៉ីស្រាអែលបានទម្លាក់គ្រាប់បែកលើភាគខាងត្បូង​ទីក្រុង Beirut សាជាថ្មី ហើយអះអាងថា លើកនេះបានផ្តាច់ជីវិតប្រធានកងកម្លាំងពិសេស Radwan របស់ Hezbollah រួមជាមួយមេបញ្ជាការប៉ុន្មាននាក់ទៀត។

ក្រសួងសុខាភិបាលលីបង់ អះអាងថា មនុស្សសរុប៣៧នាក់បានស្លាប់ ក្នុងការវាយប្រហារតាមផ្លូវអាកាសនោះ ហើយវាកើតឡើង ក្រោយករណីផ្ទុះឧបករណ៍ទាក់ទង ប្រើប្រាស់ដោយក្រុម Hezbollah ២ថ្ងៃជាប់គ្នា ដែលបានបង្កឱ្យមានមនុស្សស្លាប់រាប់សិបនាក់ និងរបួសរាប់ពាន់នាក់។ Hezbollah បានចោទថា វាជាស្នាដៃរបស់អ៉ីស្រាអែល។

គួរបញ្ជាក់ថា ក្រុម Hezbollah បានធ្វើសកម្មភាពវាយប្រហារដាក់គ្នាទៅវិញទៅមក​ ជាមួយអ៉ីស្រាអែលអស់រយៈពេលជិត១ឆ្នាំហើយ ដើម្បីគាំទ្រក្រុមហាម៉ាសប៉ាឡេស្ទីន ដែលស្ថិតក្នុងសង្រ្គាមជាមួយអ៉ីស្រាអែល នៅឯតំបន់ហ្កាហ្សា។ ប៉ុន្តែជម្លោះបានកើនឡើងកម្តៅគួរឱ្យកត់សម្គាល់ ក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ស្របពេលដែលអ៉ីស្រាអែល ហាក់បានងាកទៅផ្តោតការយកចិត្តទុកដាក់របស់ខ្លួន នៅព្រំប្រទល់​ភាគខាងជើង ក្រោយបានធ្វើឱ្យក្រុមហាម៉ាសចុះទន់ខ្សោយខ្លាំង៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

Share This Post: