Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា បន្ដជួបអ៊ូសបេគីស្ថាន ម៉ោង ២រសៀលនេះ ក្នុងប្រកួតទី២ នៃវគ្គជម្រុះពាន AFC U20 Asian Cup 2025

    BY Liny Chan September 23, 2024
    កម្ពុជា បន្ដជួបអ៊ូសបេគីស្ថាន ម៉ោង ២រសៀលនេះ ក្នុងប្រកួតទី២ នៃវគ្គជម្រុះពាន AFC U20 Asian Cup 2025

    (ភ្នំពេញ)៖ ក្រុមជម្រើសជាតិអាយុក្រោម ២០ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិ U20 អ៊ូសបេគីស្ថាននាវេលាម៉ោង ២រសៀល (ម៉ោងនៅកម្ពុជា) ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នេះ ក្នុងវគ្គជម្រុះពានរង្វាន់យុវជន U20 ប្រចាំទ្វីបអាស៊ី ឆ្នាំ២០២៥ (AFC U20 Asian Cup 2025) នៅកីឡដ្ឋាន Fu Jen Catholic University នៃទឹកដីឆាយនីសតៃប៉ិ។

    នេះគឺការប្រកួតសន្សំពិន្ទុទី២ ក្នុងពូល B នៃពានរង្វាន់ប្រចាំទ្វីបអាស៊ីខាងលើ ខណៈប្រកួតទី១ ក្រុមគោព្រៃជំទង់កម្ពុជា ធ្វើបានយ៉ាងល្អ ក្រោយយកឈ្នះក្រុមជម្រើសជាតិ U20 នេប៉ាល់ ៤-១ កាលពីរសៀលថ្ងៃសៅរ៍កន្លងទៅ។ យ៉ាងណាមិញការជួប U20 អ៊ូសបេគីស្ថាន នារសៀលនេះ គឺជាភារកិច្ចមួយដ៏ធ្ងន់សម្រាប់កម្ពុជា ដ្បិតអ៊ូសបេគីស្ថាន មានចំណាត់ថ្នាក់ពិភពលោក (FIFA World Ranking) ខ្ពស់ជាងកម្ពុជាឆ្ងាយ។

    លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិ U20 កម្ពុជា បានចាត់ទុកអ៊ូសបេគីស្ថាន គឺជាក្រុមខ្លាំងក្នុងពូល តែលោកបានត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតប្រជែងជាមួយពួកគេ ក៏ដូចជាក្រុមផ្សេងៗ ដើម្បីឈានទៅសម្រេចគោលដៅ ដែលលោកបានដាក់ ត្រូវឆ្លងឲ្យផុតវគ្គជម្រុះក្នុងពូលនេះ។

    សូមបញ្ជាក់ថា ក្រោយឆ្លងកាត់ការប្រកួតដំបូង ក្រុមយុវជន U20 កម្ពុជា បានឈរកំពូលតារាងបណ្ដោះអាសន្ន ដោយមាន ៣ពិន្ទុស្មើក្រុម U20 បារ៉ែន ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះឆាយនីសតៃប៉ិ ១-០ កាលពីចុងសប្ដាហ៍កន្លងទៅ ខណៈអ៊ូសបេគីស្ថាន មិនទាន់ធ្វើការប្រកួតនោះទេ។ ក្រោយជួបអ៊ូសបេគីស្ថានរសៀលនេះ កម្ពុជានៅសល់ ២ប្រកួតទៀត ដោយត្រូវជួប U20 បារ៉ែន នាថ្ងៃទី២៧ ខែកញ្ញា និងជួបក្រុមម្ចាស់ផ្ទះឆាយនីសតៃប៉ិ នាថ្ងៃទី២៩ ខែកញ្ញាចុងសប្ដាហ៍នេះ ដើម្បីកំណត់ជោគវាសនាក្រុមឡើងទៅវគ្គបន្ដ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: