Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ឥណ្ឌា៖ ភ្លៀងធ្លាក់ខ្លាំងក្នុងទីក្រុង Mumbai និងតំបន់ក្បែរខាង សម្លាប់មនុស្ស៤នាក់ ប៉ះពាល់ដល់ការធ្វើចរាចរណ៍ និងបិទសាលារៀន

BY Liny Chan September 26, 2024
ឥណ្ឌា៖ ភ្លៀងធ្លាក់ខ្លាំងក្នុងទីក្រុង Mumbai និងតំបន់ក្បែរខាង សម្លាប់មនុស្ស៤នាក់ ប៉ះពាល់ដល់ការធ្វើចរាចរណ៍ និងបិទសាលារៀន

(ញូវដេលី)៖ ភ្លៀងធ្លាក់ខ្លាំងនៅក្នុងទីក្រុងហិរញ្ញវត្ថុ Mumbai របស់ប្រទេសឥណ្ឌា បង្កជាទឹកជំនន់ ផ្តាច់ជីវិតមនុស្ស ៤នាក់ ក៏ដូចជាធ្វើឱ្យសាលារៀននៅក្នុងទីក្រុងមួយនេះ ត្រូវបិទទ្វារជាបណ្តោះអាសន្ន នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យ៉ាងនេះក្តី ភ្លៀងបានធូរស្រាលបន្តិចឡើងវិញបន្តិច នៅរសៀលថ្ងៃដដែលនេះ (ម៉ោងក្នុងតំបន់)។ ផ្នែកខ្លះនៃទីក្រុង Mumbai បានកត់ត្រារបាយទឹកភ្លៀងប្រហែល ២៧៥មីលីម៉ែត្រ កាលពីល្ងាចថ្ងៃពុធ ដែលបានធ្វើឱ្យចរាចរណ៍តាមដងផ្លូវត្រូវរងការរំខាន ក៏ដូចជាការពន្យារពេលនៃរថភ្លើង ដែលប្រជាជនក្នុងទីក្រុងមានមនុស្សរាប់លាននាក់នេះ ប្រើប្រាស់ជារៀងរាល់ថ្ងៃ។ តាមក្រុមមន្រ្តី មនុស្ស ៤នាក់បានស្លាប់ក្នុងឧប្បត្តិហេតុបង្កឡើងដោយភ្លៀងធ្លាក់។

នាយករដ្ឋមន្រ្តី លោក Narendra Modi បានលុបចោលការធ្វើដំណើរទៅកាន់ទីក្រុង Pune ដែលនៅចម្ងាយប្រហែល ២០០គីឡូម៉ែត្រពីទីក្រុង Mumbai បន្ទាប់ពីអាជ្ញាធរចេញសេចក្តីជូនដំណឹងកម្រិតពណ៌ក្រហម អំពីភ្លៀងធ្លាក់។ ខណៈការព្យាករណ៍ថា នឹងមានភ្លៀងបន្តទៀត នៅក្នុងទីក្រុង Mumbai អាជ្ញាធរក៏បាន​ចេញ​ការ​ប្រកាស​អាសន្ន​ពណ៌​ក្រហម ​ទូទាំង​ទីក្រុងតែម្តង ហើយស្នើ​ឱ្យ​អ្នក​ស្រុក​ស្នាក់​នៅ​ផ្ទះ។ សាលារៀន និងសាកលវិទ្យាល័យនានា ត្រូវបានបិទជាបណ្តោះអាសន្ន ហើយអ្នកនេសាទត្រូវបានស្នើឱ្យនៅឱ្យឆ្ងាយពីឆ្នេរសមុទ្រ រហូតដល់ថ្ងៃសុក្រ។

គួរបញ្ជាក់ថា ភ្លៀងមូសុងប្រចាំឆ្នាំនៅឥណ្ឌា ចាប់ផ្តើមមកពីភាគពាយ័ព្យប្រទេស កាលពីដើមសប្តាហ៍ គឺយឺតជាងធម្មតា ១សប្តាហ៍។ មន្រ្តីឧតុនិយមនិយាយថា ភ្លៀងធ្លាក់ខ្លាំងអាចបោកបក់មកលើរដ្ឋ Telengana ភាគខាងត្បូង នៅថ្ងៃព្រហស្បតិ៍៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: