ការទិញទូរស័ព្ទ iPhone របស់រដ្ឋាភិបាលរុស្ស៊ី មានការកើនឡើង ទោះបីមានការព្រួយបារម្ភផ្នែកសន្តិសុខក៏ដោយ
(ម៉ូស្គូ)៖ ការទិញទូរស័ព្ទម៉ូឌែល iPhone របស់រដ្ឋាភិបាលរុស្ស៊ី គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំនេះ មានចំនួនច្រើនជាង៤ដង ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ នេះបើយោងតាមសារព័ត៌មានរុស្ស៊ី Vedomosti បានចុះផ្សាយនៅថ្ងៃចន្ទ, បើទោះបីជាមន្ត្រីមួយចំនួន ត្រូវបានហាមឃាត់ពីការប្រើប្រាស់ឧបករណ៍របស់ក្រុមហ៊ុន Apple ក៏ដោយ។

សេវាកម្មសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានឱ្យដឹងនៅក្នុងខែមិថុនា ឆ្នាំ២០២៣ថា ខ្លួនបានរកឃើញប្រតិបត្តិការចារកម្មរបស់អាម៉េរិក ដែលបានសម្របសម្រួលដោយទូរស័ព្ទ iPhone រាប់ពាន់គ្រឿង ដោយប្រើប្រាស់កម្មវិធីឃ្លាំមើល ខណៈការចោទប្រកាន់នេះ ត្រូវបានច្រានចោលដោយក្រុមហ៊ុន Apple។
សារព័ត៌មាន Kommersant កាលពីឆ្នាំមុន បានរាយការណ៍ថា វិមាន Kremlin បានប្រាប់ក្រុមមន្ត្រីដែលពាក់ព័ន្ធនឹងការត្រៀមរៀបចំ សម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ របស់រុស្ស៊ី ឱ្យឈប់ប្រើប្រាស់ទូរស័ព្ទ iPhone ដោយសារតែមានការព្រួយបារម្ភថា ឧបករណ៍ប្រភេទនេះ ងាយស្រួលសម្រាប់ភ្នាក់ងារស៊ើបអង្កេតរបស់ប្រទេសលោកខាងលិច។
សារព័ត៌មាន Vedomosti ដោយដកស្រង់សម្តីអ្នកតំណាងម្នាក់ ដែលមិនបញ្ចេញឈ្មោះ នៃវេទិកាពាណិជ្ជកម្ម Tenderplan បានឱ្យដឹងថា តម្លៃនៃកិច្ចសន្យាដែលពាក់ព័ន្ធនឹងទូរស័ព្ទ iPhone សម្រាប់ ៣ត្រីមាសដំបូង នៃឆ្នាំនេះ មានចំនួនរហូតដល់ ៦.៩លានរូបល (៧១,៤៦៩ដុល្លារអាម៉េរិក) បានកើនឡើងពី ១.៦លានរូបល នៃឆ្នាំមុន។
ក្រសួងឌីជីថលរុស្ស៊ី កាលពីឆ្នាំមុន បានហាមឃាត់និយោជិត ពីការប្រើប្រាស់ទូរស័ព្ទ iPhone និងឧបករណ៍ iPad សម្រាប់ការប្រើប្រាស់អ៉ីម៉ែល និងកម្មវិធីនានា។
ម៉ូឌែលថ្មីចុងក្រោយ iPhone 16 កំពុងដាក់លក់ ហើយស្ថិតក្នុងតម្រូវការខ្ពស់ ក្នុងប្រទេសរុស្ស៊ី, បើទោះបីជាក្រុមហ៊ុន Apple បានបញ្ឈប់ការនាំចេញទៅរុស្ស៊ី ដោយសារសង្គ្រាមនៅអ៊ុយក្រែនក្តី ខណៈរុស្ស៊ី បានអនុញ្ញាតឱ្យមានការនាំចូល ដោយមិនមានការអនុញ្ញាតពីម្ចាស់ម៉ាក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News


