Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ទ្រព្យសម្បត្តិសុទ្ធ Elon Musk កើនឡើងជាង ៣០ពាន់លានដុល្លារ ក្រោយភាគហ៊ុន Tesla ហក់ឡេីងមួយរំពេច

BY Liny Chan October 25, 2024
ទ្រព្យសម្បត្តិសុទ្ធ Elon Musk កើនឡើងជាង ៣០ពាន់លានដុល្លារ ក្រោយភាគហ៊ុន Tesla ហក់ឡេីងមួយរំពេច

(បរទេស)៖ កំពូលមហាសេដ្ឋីដែលចូលចិត្តធ្វើអ្វីប្លែកពីគេ Elon Musk បានកើនឡើងទ្រព្យសម្បតិ្តសុទ្ធចំនួន ៣៣.៥ពាន់លានដុល្លារបន្ថែមទៀត នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ពោលបន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុន Tesla កើនឡើងមួយរំពេច និងជាការកើនឡើងច្រើនបំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ។ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg និងត្រូវបានដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Economic times ។

ភាគហ៊ុន Tesla បានបញ្ចប់ការជួញដូរជាមួយការកើនឡើង ២២% និងប្រែទៅជាសញ្ញាវិជ្ជមានសម្រាប់ឆ្នាំនេះ បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះ បានរាយការណ៍ពីប្រាក់ចំណេញកើនឡើងប្រចាំត្រីមាសឆ្នាំ២០២៣។ Elon Musk បានព្យាករណ៍ថា នឹងមានការកើនឡើងបន្តរហូតដល់ ៣០% នៃការលក់រថយន្តនៅឆ្នាំក្រោយ ដែលជំរុញដោយប្រភេទរថយន្ត Cybertruck។ នេះជាការកើនឡើងលើកដំបូង បន្ទាប់ពីប្រាក់ចំណូលបានធ្លាក់ចុះបួនត្រីមាសជាប់គ្នា ដោយសារតែមានការប្រកួតប្រជែងកាន់តែខ្លាំងពីក្រុមហ៊ុនរថយន្តអគ្គិសនីថ្មីៗ។

គួរជម្រាបថា ការកើនឡើងទ្រព្យសម្បត្តិរបស់លោក Musk នៅពេលនេះ បាននាំឲ្យទ្រព្យសម្បត្តិសុទ្ធរបស់លោកកើនដល់ទៅ ២៧០.៣ពាន់លានដុល្លារ ពោលគឺនាំមុខលោក Jeff Bezos ដែលកំពុងឈរនៅចំណាត់ថ្នាក់ទី២។ ចំណូលពីភាគហ៊ុន Tesla គឺមានប្រហែលបីភាគបួននៃទ្រព្យសម្បត្តិរបស់ Elon Musk ហើយក្រៅពីនោះ​នៅទទួលបានចំណូលពីភាគហ៊ុនធំនៅក្នុង SpaceX, វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X និងក្រុមហ៊ុនបញ្ញាសិប្បនិមិត្ត xAI ជាដើម៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: