Apple កំពុងប្រឈមនឹងការហាមប្រាមការលក់ iPhone 16 ក្នុងប្រទេសឥណ្ឌូនេស៊ី ដោយសារមិនអនុលោមតាមច្បាប់ក្នុងស្រុក
(បរទេស)៖ ក្រសួងឧស្សាហកម្មឥណ្ឌូនេស៊ី បានជូនដំណឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple នឹងមិនត្រូវបានអនុញ្ញាតឱ្យលក់ iPhone 16 នៅក្នុងប្រទេសឥណ្ឌូនេស៊ីនោះទេ ដោយសារតែពួកគេមិនបានបំពេញតាមច្បាប់របស់ប្រទេសស្តីពីការប្រើប្រាស់សមាសធាតុផលិតក្នុងស្រុក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។
អ្នកនាំពាក្យក្រសួងឧស្សាហកម្មលោក Febri Hendri Antoni Arief បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃសុក្រថា ប្រទេសឥណ្ឌូនេស៊ីតម្រូវឱ្យស្មាតហ្វូនមួយចំនួនដែលលក់ក្នុងស្រុកមានយ៉ាងហោចណាស់ ៤០ភាគរយនៃគ្រឿងបន្លាស់ដែលផលិតក្នុងស្រុក ហើយ iPhone 16 មិនបានបំពេញតាមតម្រូវការនោះទេ។ លោកបានមានប្រសាសន៍ថា «Hardware របស់ iPhone 16 ដែលនាំចូលមក មិនអាចដាក់លក់ក្នុងទីផ្សារក្នុងប្រទេសបានទេ ដោយសារក្រុមហ៊ុន Apple Indonesia មិនបានបំពេញការប្តេជ្ញាចិត្តក្នុងការវិនិយោគរបស់ខ្លួន ដើម្បីទទួលបានវិញ្ញាបនប័ត្រមាតិកាក្នុងស្រុក»។ លោកបន្តទៀតថា ទូរស័ព្ទបរទេសនៅតែអាចនាំចូលបាន ក្នុងករណីប្រើប្រាស់ផ្ទាល់ខ្លួន ឬ personal use ដរាបណាអ្នកប្រើប្រាស់បង់ពន្ធដែលបានកំណត់។
យ៉ាងណាមិញ ជុំវិញព័ត៌មាននេះ Apple នៅមិនទាន់មានការឆ្លើយនឹងសំណើរសុំការអត្ថាធិប្បាយរបស់ Reuters នោះទេ។
គួររំលឹកដែរថា ក្នុងអំឡុងពេលទស្សនកិច្ចរបស់នាយកប្រតិបត្តិ Apple លោក Tim Cook ទៅកាន់ប្រទេសឥណ្ឌូនេស៊ីកាលពីខែមេសាកន្លងទៅ រដ្ឋមន្ត្រីឧស្សាហកម្មឥណ្ឌូនេស៊ី លោក Agus Gumiwang Kartassmita បាននិយាយថា លោកសង្ឃឹមថាក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ នឹងបង្កើនមាតិកាក្នុងស្រុករបស់ខ្លួនដោយការចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News