Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល ព្រ.មានថាមេដឹកនាំថ្មីរបស់ហេសបូឡា នឹងមិនអាចកាន់តំណែងបានយូរ

BY Liny Chan October 30, 2024
រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល ព្រ.មានថាមេដឹកនាំថ្មីរបស់ហេសបូឡា នឹងមិនអាចកាន់តំណែងបានយូរ

(ហ្ស៊េរុយសាឡិម)៖ រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant កាលថ្ងៃអង្គារ ទី២៩ ខែតុលា បានព្រមានមេដឹកនាំថ្មីរបស់ហេសបូឡា លោក Naim Qassem ថាការតែងតាំង របស់លោកគ្រាន់តែជារឿងបណ្ដោះអាសន្នតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X អមជាមួយរូបភាពលោក Qassem ដែលទើបតែត្រូវបានហេសបូឡាតែងតាំងជាមេដឹកនាំថ្មីរបស់ខ្លួន កាលពីថ្ងៃអង្គារម្សិលមិញ ជំនួសលោក Hassan Nasrallah ដែលត្រូវបានអ៉ីស្រាអែលសម្លាប់កាលពីខែកញ្ញាកន្លងទៅ លោក Gallant បានគូសបញ្ជាក់ដូច្នេះថា «នេះគ្រាន់តែជាការតែងតាំងបណ្ដោះអាសន្ន មិនអាចយូរអង្វែងឡើយ»។ នៅក្នុងសារបង្ហោះជាភាសា Hebrew ដាច់ដោយឡែកមួយទៀត ប្រមុខការពារជាតិអ៉ីស្រាអែលរូបនេះ ក៏បាននិយាយដែរថា «ការរាប់ថយក្រោយបានចាប់ផ្ដើម»

គួរបញ្ជាក់ថា លោក Gallant ដែលបានធ្វើទស្សនកិច្ចទៅកាន់ទីបញ្ជាការភូមិភាគខាងជើងរបស់អ៉ីស្រាអែល កាលពីថ្ងៃអង្គារដែរនោះ បានអះអាងក្រោយការបង្ហោះសាររបស់លោកថា លោកផ្ទាល់វាយតម្លៃថាឃ្លាំងរ៉ុក្កែតរបស់ហេសបូឡាមួយភាគធំត្រូវបានបំផ្លាញដោយការវាយប្រហាររបស់អ៉ីស្រាអែល៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: