កូរ៉េខាងត្បូងអះអាងថា កូរ៉េខាងជើងអាចនឹងធ្វើតេស្តបាញ់មីស៉ីល ICBM ក្នុងខែវិច្ឆិកា អំឡុងពេលបោះឆ្នោតប្រធានាធិបតីអាមេរិក
(សេអ៊ូល)៖ ដោយផ្អែកលើប្រភពចារកម្មយោធាកូរ៉េខាងត្បូង សមាជិកសភាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃពុធនេះថា កូរ៉េខាងជើង បានផ្លាស់ទីជើងទម្រចល័តមួយគ្រឿង ទៅដាក់នៅកន្លែងកំណត់ បន្ទាប់ពីបានបញ្ចប់ការត្រៀមលក្ខណៈ ដើម្បីបាញ់មីស៉ីលបាលិស្ទីគអន្តរទ្វីប (ICBM) មួយគ្រាប់ ហើយការបាញ់តេស្តនោះ ប្រហែលនឹងប្រព្រឹត្តទៅ ក្នុងខែវិច្ឆិកា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤។
សមាជិកសភាកូរ៉េខាងត្បូង លោក Lee Seong-kweun បាននិយាយថា ជើងទម្រចល័តមួយគ្រឿង ត្រូវបានដាក់ពង្រាយនៅកន្លែងមួយ ដែលទំនងជាសម្រាប់ការបាញ់តេស្តមីស៉ីល ICBM ហើយវាអាចនឹងប្រព្រឹត្តក្បែរៗ ឬចំថ្ងៃបោះឆ្នោតប្រធានាធិបតី នៅសហរដ្ឋអាមេរិក នាថ្ងៃទី៥ ខែវិច្ឆិកា។
លោក Lee បានប្រាប់ដូចខាងលើ ទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្រោយទទួលបានរបាយការណ៍ពី ទីភ្នាក់ងារចារកម្មការពារជាតិ DIA។ រីឯសមាជិកសភាកូរ៉េខាងត្បូងម្នាក់ទៀត គឺលោក Park Sun-won បាននិយាយថា ទីភ្នាក់ងារ DIA មិនជឿជាក់ថា មីស៉ីលបាលិស្ទីគ ត្រូវបានដំឡើងលើជើងទម្រសម្រាប់បាញ់ នៅឡើយទេ។
គួរបញ្ជាក់ថា កន្លងមក ក្រុមមន្រ្តីកូរ៉េខាងត្បូង ធ្លាប់បានអះអាងថា កូរ៉េខាងជើង ប្រហែលនឹងព្យាយាមបាញ់មីស៉ីលរយៈចម្ងាយឆ្ងាយ ឬក៏ធ្វើតេស្តបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ ជាលើកទី៧ នៅក្បែរៗ និងអំឡុងថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកអាណត្តិថ្មី នាខែវិច្ឆិកា ដើម្បីសម្ញែងភាពរីកចម្រើន នៃការអភិវឌ្ឍសព្វាវុធយុទ្ធសាស្រ្តរបស់ខ្លួន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News