UPDATE: ទឹកជំនន់នៅអេស្ប៉ាញ បណ្តាលឱ្យមនុស្សបាត់បង់ជីវិត កើនឡើងដល់ ៩៥នាក់
(ម៉ាឌ្រីដ)៖ អាជ្ញាធរក្នុងតំបន់ បាននិយាយនៅថ្ងៃពុធ ទី៣១ ខែតុលាថា យ៉ាងហោចណាស់មនុស្សចំនួន ៩៥នាក់បានស្លាប់ ក្នុងគ្រោះទឹកជំនន់ ដែលអាចចាត់ទុកថាបង្កឱ្យមានមនុស្សស្លាប់ច្រើនបំផុត ក្នុងប្រវត្តិសាស្រ្តនៃប្រទេសអេស្ប៉ាញ បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំង វាយលុកតំបន់ភាគខាងកើតទីក្រុង Valencia។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រុមអ្នកឧតុនិយម និយាយថា ភ្លៀងធ្លាក់រយៈពេល ៨ម៉ោងជាប់គ្នាបានមានកើតឡើង នៅផ្នែកខ្លះនៃទីក្រុង Valencia កាលពីថ្ងៃអង្គារ ដោយបណ្តាលឱ្យជន់លិចផ្លូវហាយវ៉េ និងដីចម្ការដាំដុះក្រូចឆ្មារ ប្រហែលពីរភាគបីនៃតម្រូវការ ក្នុងប្រទេសអេស្ប៉ាញ និងជាអ្នកនាំចេញនាំមុខគេលើពិភពលោក។ តាមក្រុមហ៊ុនថាមពល i-DE អតិថិជនប្រហែល ១៥០,០០០នាក់ នៅ Valencia មិនមានអគ្គិសនីប្រើប្រាស់ទេ។ សេវាកម្មសង្រ្គោះបន្ទាន់ នៅតែទទូចឱ្យប្រជាជនចៀសវាង ការធ្វើដំណើរតាមដងផ្លូវ និងស្តាប់សេចក្តីណែនាំបន្ថែមទៀត។
វីដេអូដែលថតដោយសេវាសង្គ្រោះបន្ទាន់ បានបង្ហាញឱ្យឃើញនូវស្ពានបាក់រលំ រថយន្តធុនតូច និងរថយន្តដឹកទំនិញ តំរៀបជួរគ្នានៅលើដងផ្លូវដែលជន់លិចដោយទឹក នៅខាងក្រៅទីក្រុង Valencia។ ក្រុមមន្ត្រីនិយាយថា រថភ្លើងទៅកាន់ទីក្រុងម៉ាឌ្រីដ និងទីក្រុងបាសេឡូណា ត្រូវបានលុបចោលដោយសារតែទឹកជំនន់ ហើយសាលារៀន និងសេវាកម្មសំខាន់ៗផ្សេងទៀតត្រូវបានផ្អាក នៅក្នុងតំបន់ដែលរងគ្រោះខ្លាំង។
រដ្ឋមន្រ្តីការពារជាតិអេស្ប៉ាញ លោកស្រី Margarita Robles បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា យោធាមួយក្រុម ដែលមានឯកទេសក្នុងការជួយសង្គ្រោះ នឹងចាប់ផ្តើមធ្វើប្រតិបត្តិការ នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងតំបន់ដែលរងគ្រោះខ្លាំងបំផុត។ នាយករដ្ឋមន្រ្តី លោក Pedro Sanchez បានសន្យាកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលរងការបំផ្លិចបំផ្លាញឡើងវិញ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News