ព័ត៌មានអន្តរជាតិ November 1, 2024

លេចលឺថា! Apple កំពុងធ្វើតេស្ត iPhone 17 ជាលើកដំបូងនៅប្រទេសឥណ្ឌា

Liny Chan

(បរទេស)៖ អ្នកវិភាគដ៏ល្បីល្បាញលោក Ming-Chi Kuo បានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple កំពុងធ្វើតេស្ត និងផលិត​ iPhone 17 នៅក្នុងរោងចក្រមួយនៅក្នុងប្រទេសឥណ្ឌា។ ដំណឹងនេះ ហាក់ធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលវាជាលើកដំបូងដែលបានលឺថា Apple សម្រេចចិត្តមិនធ្វើតេស្តនៅប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena ដកស្រង់ចេញពី The Information។

អត្ថបទពី The Informtion បានបង្ហាញថាបច្ចុប្បន្ននេះ ក្រុមហ៊ុន Apple កំពុងចូលរួមក្នុងដំណើរការមួយដែលមានឈ្មោះថា «New Production Introduction ឬ ហៅកាត់ថា (NPI)» សម្រាប់ iPhone 17 ដែលពាក់ព័ន្ធនឹងការបំប្លែងការរចនាគំរូទៅជាផលិតផលដែលត្រៀមរួចជាស្រេចសម្រាប់ការផលិតទ្រង់ទ្រាយធំ។ ទាក់ទិននឹងរបាយការណ៍នេះ បានបង្កឱ្យមានការចាប់អារម្មណ៍ជាខ្លាំង​ ពីព្រោះការងារនេះ​ពីមុនឡើយគឺ Apple ចាប់ផ្តើមធ្វើការដំបូងគេនៅក្នុងប្រទេសចិន។ តាមការគូសបញ្ជាក់ ប្រកាសនេះ អនុវត្តចំពោះតែ iPhone 17 ធម្មតែប៉ុណ្ណោះ ខណៈម៉ូដែល iPhone 17 Pro/ Pro Max នៅមិនទាន់ដឹងនៅឡើយនោះទេ។

គួរជម្រាបថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Apple បាននឹងកំពុងធ្វើការបង្វែរខ្សែសង្វាក់ផលិតកម្មភាគច្រើនរបស់ខ្លួនចេញពីប្រទេសចិន ហើយក្រុមហ៊ុនយក្សនេះ បានងាកទៅពឹងផ្អែកលើទីផ្សារប្រទេសឥណ្ឌាជំនួសវិញ ទាំងនេះក៏ដោយសារតែភាពតានតឹងផ្នែកនយោបាយ។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤ Apple បានបង្កើនការនាំចេញនៅក្នុងប្រទេសឥណ្ឌារហូតដល់ទៅ ៦ពាន់លានដុល្លារឯណោះក្នុងរយៈពេល ៦ខែ ដែលជាផ្នែកមួយ កាត់បន្ថយការពឹងផ្អែកលើប្រទេសចិន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News