Apple សម្រេចបោះទុន ១០លានដុល្លារនៅក្នុងរោងចក្រឥណ្ឌូនេស៊ី ដើម្បីដោះស្រាយការហាមឃាត់ការលក់ iPhone 16
(បរទេស)៖ ប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយ កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានរងការវាយប្រហារដ៏ធំមួយទាក់ទងនឹងការហាមប្រាមការលក់ iPhone 16 និង Apple Watch 10 នៅក្នុងប្រទេសឥណ្ឌូនេស៊ី ជុំវិញការមិនអនុលោមតាមច្បាប់។ ដើម្បីដោះស្រាយបញ្ហានេះ Apple បានសន្យាថា ខ្លួននឹងវិនិយោគខ្ទង់ ១០លានដុល្លារឯណោះ នៅរោងចក្រថ្មីមួយនៅក្នុងទីក្រុង Bandung ប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

ប្រភពពីសារព័ត៌មាន Bloomberg បានរាយការណ៍ថា ការវិនិយោគនេះនឹងត្រូវធ្វើឡើងជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់ក្នុងស្រុករបស់ Apple ដែលមានឈ្មោះថា Yageo ជាមួយរោងចក្រថ្មី ហើយនឹងផ្តោតលើការផលិតគ្រឿងបន្លាស់ និងសមាសធាតុសម្រាប់ឧបករណ៍ Apple។ យ៉ាងណាមិញ គម្រោងវិនិយោគនេះនៅមិនទាន់មានការយល់ព្រមពីរដ្ឋាភិបានឥណ្ឌូនេស៊ីនៅឡើយនោះទេ ខណៈ Bloomberg បញ្ជាក់ Apple បានដាក់សំណើររបស់ខ្លួនទៅកាន់ក្រសួងឧស្សាហកម្មឥណ្ឌូនេស៊ី ហើយបច្ចុប្បន្នកំពុងរង់ចាំការយល់ព្រមដើម្បីលុបចោលការហាមឃាត់លើឧបករណ៍របស់ខ្លួន។
គួរជម្រាបថា Apple មិនមែនជាក្រុមហ៊ុនបច្ចេកវិទ្យាតែមួយគត់ដែលប្រឈមមុខនឹងបញ្ហាបទប្បញ្ញត្តិនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយសារតែ Google ក៏ត្រូវបានហាមប្រាមមិនឱ្យលក់ Pixel 9 របស់ខ្លួននៅទីនោះផងដែរ។ ជុំវិញការមិនគោរពតាមច្បាប់មាតិកាក្នុងស្រុក ដែលតម្រូវឱ្យក្រុមហ៊ុនបរទេសប្រើប្រាស់សមាសធាតុក្នុងស្រុកយ៉ាងហោចណាស់ ៤០ភាគរយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News







