Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ផ្អាកជើងហោះហើរទៅកាន់ប្រទេសហៃទី ក្រោយយន្តហោះដឹកអ្នកដំណើរ៣គ្រឿង រងការបាញ់ប្រហារ

BY Liny Chan November 13, 2024
សហរដ្ឋអាមេរិក ផ្អាកជើងហោះហើរទៅកាន់ប្រទេសហៃទី ក្រោយយន្តហោះដឹកអ្នកដំណើរ៣គ្រឿង រងការបាញ់ប្រហារ

(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះថា នឹងផ្អាកជើងហោះហើរស៉ីវិល ទៅកាន់ប្រទេសហៃទី រយៈពេល ១ខែ បន្ទាប់ពីយន្តហោះធុនធំ ៣គ្រឿងរងការបាញ់ប្រហារដោយកាំភ្លើង ពីសំណាក់ក្រុមជនអន្ធពាលនៃប្រទេសនេះ អំឡុពេលចូល ឬចាកចេញពីរដ្ឋធានី Port-au-Prince។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤។

ចំណាត់ការរបស់រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក កើតមានឡើងបន្ទាប់ពីយន្តហោះដឹកអ្នកដំណើរ នៃក្រុមហ៊ុនអាកាសចរណ៍ Spirit Airlines ចេញពីរដ្ឋ Florida ទៅដល់ទីក្រុង Port-au-Prince បានរងការវាយប្រហារដោយគ្រាប់កាំភ្លើង ហើយត្រូវប្តូរទិសដៅទៅកាន់សាធារណរដ្ឋដូមីនីក។ អ្នកបម្រើការលើយន្តហោះម្នាក់ ត្រូវរងរបួសស្រាល ហើយបើតាមរូបភាពបង្ហោះលើអ៉ីនធឺណេត ឃើញមានគ្រាប់កាំភ្លើងជាច្រើន នៅខាងក្នុងយន្តហោះ។

ដោយឡែក យន្តហោះ ២គ្រឿងផ្សេងទៀតដែលចាកចេញពីទីក្រុង Port-au-Prince កាលពីថ្ងៃចន្ទ ក៏ត្រូវបានវាយប្រហារផងដែរ។ យន្តហោះទាំងពីរបានចុះចតដោយសុវត្ថិភាព។ វាជាជើងហោះហើរ JetBlue ទៅកាន់អាកាសយានដ្ឋាន JFK ក្នុងទីក្រុង New York និងជើងហោះហើរ American Airlines ទៅកាន់ Miami សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ការបាញ់ប្រហារនេះ សបញ្ជាក់ពីភាពចលាចលដ៏ហិង្សា ដែលកំពុងគ្របដណ្តប់ប្រទេសហៃទី ខណៈនាយករដ្ឋមន្ត្រីថ្មី ទើបនឹងបានឡើងកាន់អំណាច ចំពោះមុខប្រទេសមួយដែលរងការបំផ្លាញដោយភាពក្រីក្រ អស្ថិរភាពនយោបាយរ៉ាំរ៉ៃ និងបញ្ហាផ្សេងៗទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: