Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

អតីតមន្ត្រីជាន់ខ្ពស់ធនាគារកណ្តាលចិនថា ចិននឹងសងសឹកបើលោក ដូណាល់ ត្រាំ ដំឡើងពន្ធគយលើទំនិញចិន

BY Liny Chan November 18, 2024
អតីតមន្ត្រីជាន់ខ្ពស់ធនាគារកណ្តាលចិនថា ចិននឹងសងសឹកបើលោក ដូណាល់ ត្រាំ ដំឡើងពន្ធគយលើទំនិញចិន

(ប៉េកាំង)៖ លោក ជូ មិន (Zhu Min) អតីតមន្ត្រីជាន់ខ្ពស់នៃធនាគារកណ្តាលចិនបានឱ្យដឹងថា ប្រទេសចិននឹងសងសឹកប្រសិនបើប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ធ្វើតាមការសន្យារបស់លោកដោយដំឡើងពន្ធ ៦០% លើទំនិញនាំចូលពីចិន នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

លោក Zhu អតីតទេសាភិបាលរងធនាគារកណ្តាលចិនបានថ្លែងនៅក្នុងបទសម្ភាសមួយជាមួយទូរទស្សន៍ Bloomberg កាលពីថ្ងៃសុក្រថា «ប្រសិនបើលោក ត្រាំ និងរដ្ឋាភិបាលរបស់លោកពិតជាដកហូតពន្ធ ៦០% លើទំនិញរបស់ប្រទេសចិនមែន ខ្ញុំគិតថា ប្រទេសចិននឹងសងសឹក» និងនាំយកករណីនេះទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក។ លោកបានបន្ថែមថា៖ «មានរឿងជាច្រើនដែលពួកគេអាចធ្វើបាន»

លោក Zhu មិនបានបញ្ជាក់ពីវិធានការសងសឹកដែលអាចធ្វើឡើងទេ។ ប៉ុន្តែលោកបាននិយាយថា ពន្ធគយនឹងប៉ះពាល់ដល់រូបិយប័ណ្ណចិន ដែលត្រូវបានកំណត់ដោយកម្លាំងទីផ្សារដូចជាពាណិជ្ជកម្មនិងលំហូរមូលធនជាដើម។ លោកបានបន្ថែមថា ពន្ធគយក៏នឹងប៉ះពាល់ដល់តម្រូវការរបស់ចិននូវប័ណ្ណបំណុលរតនាគារសហរដ្ឋអាមេរិកផងដែរ។ ប្រទេសចិនគឺជាម្ចាស់បំណុលបរទេសធំទី២ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបន្ទាប់ពីប្រទេសជប៉ុន ដោយកាន់កាប់បំណុលគិតជាទឹកប្រាក់ប្រហែល ៧៧៥ពាន់លានដុល្លារនៅក្នុងរតនាគារ។

លោក Zhu ដែលបច្ចុប្បន្នគឺជាប្រធានវិទ្យាស្ថានជាតិស្រាវជ្រាវហិរញ្ញវត្ថុនៅសាកលវិទ្យាល័យ Tsinghua បាននិយាយថា ពន្ធគយ «នឹងប៉ះពាល់ដល់អត្រាប្តូរប្រាក់។ វានឹងប៉ះពាល់ដល់លំហូរមូលធនរបស់ប្រទេសចិន ហើយនឹងប៉ះពាល់ដល់ទំហំប័ណ្ណបំណុលរតនាគារ សហរដ្ឋអាមេរិកដែលចិននឹងទិញ»

លោក ត្រាំ បានដកហូតពន្ធគយរហូតដល់ ២៥% លើការនាំចូលទំនិញពីប្រទេសចិនក្នុងទឹកប្រាក់ជាង ៣០០ពាន់លានដុល្លារក្នុងពេលដែលគាត់ជាប្រធានាធិបតីអាមេរិក ដែលបង្កឱ្យមានការសងសឹកពីទីក្រុងប៉េកាំង ហើយលោកប្រធានាធិបតីអាមេរិកបច្ចុប្បន្ន ចូ បៃឌិន បានរក្សាទុកពន្ធគយភាគច្រើននៅដដែល។ ក្នុងពេលឃោសនាបោះឆ្នោត លោក ត្រាំ បានគំរាមបង្កើនយកពន្ធលើទំនិញរបស់ចិនដល់ទៅ ៦០% ពោលគឺជាកម្រិតមួយដែលស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ច Bloomberg Economics បាននិយាយថានឹងកាត់បន្ថយពាណិជ្ជកម្មរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរនេះ។

លោក Zhu ដែលក៏ជាអគ្គនាយករងនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ផងដែរនោះបាននិយាយថា ប្រសិនបើសង្គ្រាមពាណិជ្ជកម្មកាន់តែកើនឡើង «វានឹងក្លាយជារឿងដ៏លំបាក» សម្រាប់ប្រទេសទាំងពីរ។ លោកបានបន្ថែមថា៖ «វាជាការល្អប្រសិនបើភាគីទាំងពីរអាចអង្គុយជជែកគ្នានិងសម្រេចបានការព្រមព្រៀងណាមួយព្រោះថាប្រទេសទាំងពីរពិតជាជួយបំពេញឱ្យគ្នាទៅវិញទៅមកខាងផ្នែកសេដ្ឋកិច្ច»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: