Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ឥណ្ឌា បិទសាលារៀនក្នុងរដ្ឋធានីញូវដេលី ដោយសារផ្សែងអ័ព្ទមានជាតិពុល

BY Liny Chan November 18, 2024
ឥណ្ឌា បិទសាលារៀនក្នុងរដ្ឋធានីញូវដេលី ដោយសារផ្សែងអ័ព្ទមានជាតិពុល

(ញូវដេលី)៖ អាជ្ញាធរនៅក្នុងរដ្ឋធានីញូវដេលី នៃប្រទេសឥណ្ឌា បានសម្រេចបិទថ្នាក់រៀន ហើយប្ដូរទៅរៀនតាមអនឡាញវិញនៅថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកានេះ រហូតទាល់តែមានការជូនដំណឹងជាថ្មី ដោយសារតែ ផ្សែងអ័ព្ទមានជាតិពុលអណ្ដែតពាសពេញបរិយាកាស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការសម្រេចចិត្តរបស់អាជ្ញាធរក្នុងរដ្ឋធានីញូវដេលី ធ្វើឡើងបន្ទាប់ពីកម្រិតជាតិពុលក្នុងខ្យល់ PM2.5 ដែលអាចបង្កជាជំងឺមហារីក និងជំងឺសួតធ្ងន់ធ្ងរ ត្រូវបានកត់ត្រាដល់ទៅ៥៧ដង លើសពីចំនួនដងអតិបរមា ប្រចាំថ្ងៃដែលត្រូវបានផ្ដល់អនុសាសន៍ដោយអង្គការសុខភាពពិភពលោក គិតត្រឹមកាលពីល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា។ គិតត្រឹមព្រឹកព្រលឹមថ្ងៃទី១៨ ខែវិច្ឆិកានេះ កម្រិតជាតិពុលក្នុងខ្យល់ PM2.5 ត្រូវបានកត់ត្រា ៣៩ដង ដែលនេះនៅតែលើសពីចំនួនត្រូវបានកំណត់ ។

ជាមួយការដាក់ចេញវិធានការមួយចំនួន ក្នុងនោះមានទាំងការបិទថ្នាក់រៀន ហើយប្ដូរទៅរៀនតាមអនឡាញ អាជ្ញាធរឥណ្ឌាបានបញ្ជាក់ថាវិធានាការរឹតត្បិតរបស់ខ្លួន គឺមានគោលដៅទប់ស្កាត់កុំឱ្យគុណភាពខ្យល់ ធ្លាក់ចុះកាន់តែអាក្រក់ថែមទៀត។ ហើយដោយអនុញ្ញាតឱ្យក្មេងៗរៀនពីចម្ងាយនៅឯផ្ទះ អាជ្ញាធរឥណ្ឌារំពឹងថាការធ្វើចរាចរណ៍នឹងត្រូវបានកាត់បន្ថយ។

គួរបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌា ក៏បានណែនាំផងដែរឱ្យកុមារ និងប្រជាជនមានវ័យចំណាស់ រួមទាំងអ្នកមានបញ្ហាសួត ឬបេះដូង ត្រូវស្នាក់នៅក្នុងផ្ទ និងកុំចេញក្រៅបើគ្មានធុរៈចំាបាច់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: