ព័ត៌មានអន្តរជាតិ November 21, 2024

អ៊ុយក្រែន បាញ់មីស៊ីលអង់គ្លេស Storm Shadow ចូលដីរុស្ស៉ី មួយថ្ងៃក្រោយបាញ់មីស៊ីលអាមេរិក ATACMS

Liny Chan

(កៀវ)៖ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស កាលពីថ្ងៃពុធ ទី២០ ខែវិច្ឆិកា បានរាយការណ៍ថាអ៊ុយក្រែនបានប្រើប្រាស់មីស៊ីល Storm Shadow ផ្គត់ផ្គង់ដោយអង់គ្លេស វាយប្រហារលើ ទឹកដីរុស្ស៉ី បន្ទាប់ពីទទួលបានភ្លើងបៃតងពីរដ្ឋាភិបាលទីក្រុងឡុងដ៍ និងមួយថ្ងៃតែប៉ុណ្ណោះក្រោយទីក្រុងកៀវ បាញ់មីស៊ីល ATACMS ផ្ដល់ដោយសហរដ្ឋអាមេរិកចូលក្នុងទឹកដី រុស្ស៉ី។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​។

Financial Times ដោយផ្អែកលើប្រភពទទួលបានពីមន្ត្រីលោកខាងលិចម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងថាអ៊ុយក្រែនបានបាញ់មីស៊ីល Storm Shadow ជាច្រើ​នគ្រាប់លើគោលដៅយោធាមួយកន្លែងនៅលើទឹកដីរុស្ស៉ី។ Financial Times ក៏បានអះអាងដែរថាប្រភពពីរដ្ឋាភិបាលអង់គ្លេសបានទទួលស្គាល់ពីការប្រើប្រាស់មីស៊ីល រយៈចម្ងាយឆ្ងាយនេះវាយប្រហារចូលដីរុស្ស៉ីជាលើកដំបូង។ ចំណែក សារព័ត៌មាន The Guardian បាននិយាយថាចក្រភពអង់គ្លេសបានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីល វាយប្រហារលើគោលដៅយោធាក្នុងទឹកដីរុស្ស៉ី ជាការឆ្លើយតបទៅនឹងទីក្រុងមូស្គូ សម្រាប់ការដាក់ពង្រាយកងទ័ពកូរ៉េខាងជើងក្នុងសមរភូមិប្រឆាំងអ៊ុយក្រែន។

យ៉ាងណាក៏ដោយ ទាំងរុស្ស៉ី និងអ៊ុយក្រែន មិនទាន់ទទួលស្គាល់ជាផ្លូវការពាក់ព័ន្ធនឹងការប្រើមីស៊ីល Storm Shadows នៅឡើយទេ។

គួរបញ្ជាក់ថា Storm Shadows ជាប្រភេទមីស៊ីលរយៈចម្ងាយឆ្ងាយដែលអាចបាញ់បានចម្ងាយ ២៥០គីឡូម៉ែត្រ។ សេចក្ដីរាយការណ៍ពីការវាយប្រហាររបស់អ៊ុយក្រែន ដោយ ប្រើមីស៊ីល Storm Shadows កើតឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីកៀវបានបាញ់មីស៊ីល ATACMS ផ្ដល់ដោយសហរដ្ឋអាមេរិកចូលក្នុងទឹកដីរុស្ស៉ី ក្រោយទទួលបាន ភ្លើងបៃតងពីលោក ចូ បៃដិន៕ ផ្ដល់សិទ្ធិដោយ​៖ Fresh News